(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះបង្រ្កាបការជួបជុំគ្នាលេងល្បែងស៉ីសង(បៀ)បានចំនួន០៣វង់ ស្ថិតក្នុងតំបន់ទំនប់រលក(តំបន់លឿង)សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនអ្នកលេងល្បែងទាំងនោះ បញ្ជូនមកទីបញ្ជាការស្រាលដើម្បីអនុវត្តតាមនីតិវិធី។
សូមជម្រាបជូនថា កន្លងមកការឆ្លងជំងឺកូវីដ-១៩ នៅតំបន់ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុមានការកើនឡើងគួរឱ្យកត់សម្គាល់ និងឈានទៅដល់ការបិទខ្ទប់តំបន់នេះទាំងស្រុង ដោយសារប្រជាពលរដ្ឋមួយចំនួន មិនចូលរួមអនុវត្តតាមគោលការណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងសុខាភិបាល ហើយនៅតែបន្តការជួបជុំគ្នាលេងល្បែងសុីសង ជួបជុំគ្នាហូបចុកគ្រឿងស្រវឹង មិនពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម។
វិធានការនេះនឹងធ្វើឡើងជាបន្តបន្ទាប់ ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ឱ្យបានទាំងស្រុង៕