ពលរដ្ឋចំនួន១២៥គ្រួសាររងវបត្តិកូវិដ.១៩ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនតាមរយះអភិបាលខេត្តប៉ៃលិន

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី03 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:41 នាទី ព្រឹក

(ប៉ៃលិន)រសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន សមាជិក សមាជិកា យុវជនស.ស.យ.កខេត្ត យុវជនកាកបាទក្រហមខេត្ត និងអាជ្ញាធរភូមិឃុំស្រុក បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ រយៈពេល១៤ថ្ងៃ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ១២៥គ្រួសារ ។

ក្នុងឱកាសនោះ លោកជំទាវ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតំបន់បិទខ្ទប់នេះ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ ។

ទន្ទឹមនឹងនេះ លោកជំទាវ បានរៀបចំជាកញ្ចប់អាហារក្នុងមួយថ្ងៃ ២ពេលគឺពេលព្រឹក និងពេលល្ងាច ចំនួន៥០០ប្រអប់ និងទឹកបរិសុទ្ធ ដើម្បីចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត កម្មករ អ្នករត់ម៉ូតូឌុប តាក់ស៊ី..ពិសារដោយឥតគិតថ្លៃ ។

លោកជំទាវ បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ" ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមកន្លងថ្មី រក្សាអនាម័យលាងដៃ ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ ។

សូមបញ្ជាក់ថា ស្បៀងអាហារដែលបានផ្តល់ជូន តាមខ្នងផ្ទះ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥ គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ២កេស ពងទា ១ ថាស ទឹកសុទ្ធ ១កេស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម