ធ្លាយជាតិពុលចេញពីរោងចក្រមួយនៅស្រុករតនមណ្ឌល ហូរចូលស្ទឹងសង្កែបណ្តាលអោយត្រីងាប់អណ្តែតពេញផ្ទៃទឹក

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី27 ខែឩសភា ឆ្នាំ2021 ម៉ោង 6:59 នាទី ល្ងាច

 

ខេត្តបាត់ដំបង! ប្រភពព័ត៌មានចេញពីសមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋបានអោយដឹងថា ត្រីជាច្រើនក្បាលបានងាប់អណ្តែតពេញផ្ទៃទឹកស្ទឹងថ្វាក(ស្ទឹងសង្កែ) ស្ថិតនៅស្រុករតមណ្ឌល ខេត្តបាត់ដំបង ដែលករណីនេះបណ្តាលមកពីសារធាតុជាតិពុល ពណ៌ក្រម៉ៅ ល្អក់ បានហូរពីប៉ែកខាងលើ ដែលចេញពីរោងចក្រចិនមួយ ។

 

មន្រ្តីមូលដ្ឋានដដែលបានអោយដឹងថា ត្រីដែលងាប់ក្នុងស្ទឹងថ្វាក ដែលហូរបន្តចូលស្ទឹងសង្កែប៉ែកខាងលើនេះ បានប៉ះពាល់ទៅលើឃុំចំនួន០៣  ដែលក្នុងនោះមានឃុំត្រែង  ឃុំអណ្តើកហែប និង ឃុំផ្លូវមាស ស្រុករតនមណ្ឌលខេត្តបាត់ដំបង  ហើយនេះជាលើកទីពីរហើយដែលជាតិពុលនេះបានហូរចេញពីរោងចក្រចិនមួយដែលកំពុងសាងសង់នៅប៉ែកខាងលើ បង្កអោយមានត្រីងាប់ និង ប៉ះពាល់ខ្លាំងដល់តំបន់ទេសចរណ៍ស្ទឹងថ្វាក ដែលមានអ្នកទេសចរណ៍ទៅលេងផង និងប៉ះពាល់ដល់ពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងនេះផងដែរ។

 

លោក សន និល អធិការនគបាលស្រុករតនមណ្ឌលបានអោយដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះថា ក្រោយពីទទួលបានដំណឹងពាក់ព័ន្ធករណីខាងលើភ្លាម លោកនឹងអាជ្ញាធរឃុំបានចុះទៅកាន់ទីតាំងរោងចក្រចិនខាងលើដែល ឈ្មោះ វ៉ាកាង ដើម្បីត្រួតពិនិត្យ និងឃើញថាជាតិពុលនេះ បានហៀរចេញពីកន្លែងអាងស្តុកទឹកពណ៌លឿង នៃរោងចក្រចិននេះពិតប្រាកដមែន ដោយសារតែភ្លៀងខ្លាំងបានហូរច្រោះអាងនេះបណ្តាលអោយហៀរទឹកគីមីពុលចូលស្ទឹង។

 

លោកអធិការបានបញ្ជាក់ថាក្រោយពីចុះពិនិត្យលោកបានអោយម្ចាស់ទីតាំងរោងចក្រខាងលើនេះបិទកន្លែងធ្លាយចេញពីអាងស្តុកនេះរួចរាល់ហើយ មិនមានហូរជាតិពុលចេញមកទៀតនោះទេ និងបានណែនាំអោយម្ចាស់រោងចក្រនេះមានការប្រុងប្រយ័ត្ន បើមានលើកក្រោយទៀតនឹងរាយការណ៍ ជូនថ្នាក់លើដើម្បីចាត់ការតាមផ្លូវច្បាប់។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម