លោក ទេស សុជុន (ហៅនាយក្រិន) តារាកំប្លែងមានជំងឺនិងចិញ្ចឹមកូនតូច៣នាក់ ទទួលអំណោយអំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី25 ខែឩសភា ឆ្នាំ2021 ម៉ោង 5:56 នាទី ល្ងាច

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និង សហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ ពីស្ថានភាពរស់នៅ សុខភាព និងឧបត្ថម្ភអំណោយជួយសម្រាលការលំបាកផ្នែកជីវភាពដល់ លោក ទេស សុជុន (ហៅនាយក្រិន) អាយុ ៤២ឆ្នាំ ជាតារាកំប្លែងមានមាឌតូចល្អិត កំពុងមានជំងឺប្រចាំកាយ និងមានកូនតូចប្រុសស្រីចំនួន ៣នាក់ ក្នុងបន្ទុក កំពុងស្នាក់នៅជាមួយក្រុមគ្រួសារស្ថិតនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់ លោក ទេស សុជុន (ហៅនាយក្រិន) សូមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីជីវភាពគ្រួសារ និងត្រូវថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលដោយអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម ៖ ៣ការពារ (១.ពាក់ម៉ាស /២.លាងសម្អាតដៃឲ្យបានញឹកញាប់ /៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក /២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ /៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (/១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ /២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩ )។

 

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ក៏បានចូលរួមផ្តាំផ្ញើនិងលើកទឹកចិត្តដល់ ក្មួយ កូនៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាង ធ្វើជាកូនកត្តញ្ញូ និងជាពលរដ្ឋល្អរបស់សង្គមជាតិ។

 

ជាមួយគ្នានេះ លោក ទេស សុជុន (ហៅនាយក្រិន) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយគិតគូរ ជាពិសេសការលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

 

 សូមបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូន លោក ទេស សុជុន (ហៅនាយក្រិន)នាពេលនេះរួមមាន ៖ -អង្ករ ១០០គីឡូក្រាម -ទឹកបរិសុទ្ធវីឃែរ ចំនួន ១០កេស -នំធុង ៣ធុង  និងថវិកា ៥លានរៀល  ក្នុងនោះឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានឧត្តម្ថបន្ថែមជូនលោកឪពុកបង្កើតនាយក្រិន និងកូនៗថវិកាមួយចំនួនផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម