ពលរដ្ឋ១៦៥គ្រួសារក្នុងស្រុកមេមត់ បានទទួលអំណោយកាកបាទក្រហមខេត្ត ពីលោកអភិបាលនៃគណៈអភិបាលខេត្ត

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី16 ខែឩសភា ឆ្នាំ2021 ម៉ោង 12:11 នាទី ល្ងាច


ខេត្តត្បូងឃ្មុំៈ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន១៦៥គ្រួសារ ក្នុងស្រុកមេមត់ ដែលធ្វើឡើងនៅ០២ទីតាំង នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែនមេមត់ ទីរួមស្រុកមេមត់ និងនៅឃុំកំពាន់ ។


ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូនដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ទាំងអស់ ដោយក្តីនឹករលឹក អាណិតអាសូរ និងតែងតែព្រួយបារម្ភ គិតគូរពីសុខទុកបងប្អូនគ្រប់ពេលវេលា ។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យអាជ្ញាធរត្រូវក្តាប់ឲ្យជាប់នូវរាល់ជនរងគ្រោះ ជនងាយរងគ្រោះ និងពលរដ្ឋក្រីក្រដោយសារកូវីដ១៩ ដើម្បីផ្តល់ជូននូវស្បៀងអាហារ និងថវិកា ក្នុងការដោះស្រាយជីវភាពជាក់ស្តែង ដោយមិនទុកឲ្យនរណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ ។
បន្ថែមពីនេះអាជ្ញាធរស្រុកឃុំភូមិ ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឱ្យបានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ នូវវិធានការ៣កុំ ៣ការពារ ក៍ដូចជាកម្រិតផាកពិន័យ និងទោសទណ្ឌ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្តឲ្យដឹងថា ចំពោះអំណោយដែលផ្តល់ជូនទាំង១៦៥គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប្រេងឆា១ដប និងថវិកាចំនួម៥មុឺនរៀល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម