មេឃរលឹមផ្គរបង្កជារន្ទះបាញ់ត្រូវបងប្អូន០២នាក់ស្លាប់និងរបួស

ព័ត៌មានសង្គមថ្ងៃពុធ ទី12 ខែឩសភា ឆ្នាំ2021 ម៉ោង 8:33 នាទី ល្ងាច

ខេត្តបាត់ដំបង! គ្រោះបាតុភូតមេឃធ្លាក់ខ្យល់មានរលឹមនិងភ្លៀងបង្កជារន្ទះ បានបាញ់ប្រហារ០២នាក់បងប្អូនបណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។

សមត្ថកិច្ចបានអោយដឹងថា ឧបទ្ទវហេតុគ្រោះធម្មជាតិដ៏អាក្រក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចក្រុមទី១០ ភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ដែលក្មេងប្រុសរងគ្រោះស្លាប់មានឈ្មោះ ជ័យ ចេក អាយុ៧ឆ្នាំ ត្រូវជាប្អូន និងម្នាក់ទៀតឈ្មោះ ជ័យ សូរិយា ភេទស្រី អាយុ ១៣ឆ្នាំរងរបួសធ្ងន់ ទាំងពីរនាក់រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

គ្រួសារជនរងគ្រោះបានអោយដឹងដែរថា នៅមុនពេលកើតហេតុស្របពេលដែលមេឃឡើងខ្មៅអួអាប់និងធ្លាក់ភ្លៀងតិចៗ ជនរងគ្រោះក្មេងប្រុសស្រីត្រូវជាបងប្អូនបង្កើតនឹងគ្នាទាំង២នាក់បានរត់លេងនៅក្បែរផ្ទះ បានមួយសន្ទុះក៏ស្រាប់តែមានផ្គររន្ទះបានបាញ់ស្រោចមកលើក្មេងទាំង ២នាក់តែម្តង និងបណ្តាលឲ្យក្មេងប្រុស ជាប្អូនស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងក្មេងស្រីជាបងរងការប៉ះពាល់របួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យកោសល្យវិច័យរួចប្រគល់សាកសពឲ្យទៅឳពុកម្តាយដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម