FAMOUS INTERNATIONAL CONDO បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែឩសភា ឆ្នាំ2021 ម៉ោង 2:23 នាទី ល្ងាច
ខេត្តព្រះសីហនុៈព្រឹកថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយពី FAMOUS INTERNATIONAL CONDO បាននាំយកអំណោយមានដូចជា ម៉ាសចំនួន ១០០.០០០ ម៉ាស និងទឹកពិសាបរិសុទ្ធចំនួន ២.០០០ កេស ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះFAMOUS INTERNATIONAL CONDO ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ជាសកម្មភាពចូលរួមនៃការចែករំលែកដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ ព្រោះជំងឺកូវីដ-១៩ កំពុងមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនចូលរួមទាំងអស់គ្នា ពិសេសមានការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងព្រះសីហនុកុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត ម្យ៉ាងទៀតអំណោយទាំងនេះរដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់មួយចំនួនក្នុងក្រុងព្រះសីហនុ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដែលកំពុងមានការឆ្លងរាតត្បាតក្នុងក្រុងព្រះសីហនុ ។
ក្នុងឱកាសនោះលោកស្រីអភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុន សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ បងប្អូនសប្បុរសជនក្នុងខេត្តព្រះសីហនុ បន្តឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម