ភាពតានតឹងស្មុគស្មាញមិនមែនកើតឡើងតែចំពោះមនុស្សចាស់នោះទេ សូម្បីតែកូនក្មេងដែលជាទីស្រឡាញ់របស់លោកអ្នកក៏មានភាពតប់ប្រមល់ តានតឹងអារម្មណ៍ដូចមនុស្សចាស់ដែរ ។
វិធីសង្កេតអាការពេលកូនលោកអ្នកតានតឹងអារម្មណ៍ តើមកពីមូលហេតុអ្វីនោះ សូមលោកអ្នកតាមដានសេចក្តីណែនាំ ពីអ្នកជំនាញខាងចិត្តសាស្ត្រកុមារបានឱ្យដឹងថា កុមារគ្រប់រូបកើតភាពតានតឹងមកពីមូលហេតុផ្សេងៗ ឪពុកម្តាយអាចសង្កេតតាមដានអាការដែលស្តែងចេញមកតាមវ័យ គឺក្មេងអាយុតិចមុនវ័យចូលរៀន នឹងកើតភាពតានតឹងតប់ ប្រមល់ពីរឿងភាពហេវ ឬទទួលទានអាហារមិនបាន ដេកមិនលក់ យំ ញយដង ឬមានការឈឺចាប់តាមរាងកាយ ឈឺក្បាល ឈឺពោះ ឈឺធ្មេញ ។
រីឯក្មេងនៅក្នុងវ័យរៀនគឺអាចសង្កេតបានពីអាការរបស់វាដូចជាក្មេងនោះសព្វដងនិយាយស្តីច្រើន ឬពូកែនិយាយ បែរ ជានិយាយតិច ឬស្ងប់ស្ងៀមមិននិយាយស្តីខុសពីធម្មតា ជួនកាលក្មេងនោះមានចរិតស្លូតបូតរាបសា បែរជាប្រែប្រួលទៅជាចរិតកាចសាហាវ ក្រៅពីនេះក្មេងនោះនិយាយស្តីអ្វីៗជាមួយបងប្អូន ឪពុកម្តាយ គំរោះគំរើយមិនគួរឱ្យស្តាប់ ។
ចំពោះក្មេងវ័យជំទង់ដែលកើតមានភាពតានតឹងរសាប់រសល់អារម្មណ៍ គឺអាចសង្កេតអាការបាន ដូចជាកំពុងអានសៀវភៅរហូតយប់ជ្រៅដោយមិនចេញមកងូតទឹក ទទួលទានអាហារ ឬចេញមកនិយាយលេងជាមួយបងប្អូនឪពុកម្តាយនៅក្នុងផ្ទះ នៅស្ងៀមៗស្រាប់តែស្លៀកពាក់ខោអាវភ្លាមៗចេញទៅក្រៅផ្ទះ ក្រៅពីនេះក្មេងទាំងនោះច្រើនតែស្មុគស្មាញមួម៉ៅខ្លាំងជាងគេ នៅពេលឪពុកម្តាយដាស់តឿន ចូលចិត្តនិយាយទូរស័ព្ទរយៈពេលយូរខុសសព្វដង ជាពិសេសមិនចេញ ទៅទំនាក់ទំនងជាមួយមិត្តភក្តិនៅខាងក្រៅអស់រយៈពេលច្រើនថ្ងៃ ។
អ្នកជំនាញបានបញ្ជាក់ជាចុងក្រោយថា«ក្មេងខ្លះមានអាការស្មុគស្មាញតានតឹងខ្លាំងរហូតបាត់មាត់បាត់កមិនហូបបាយទឹក សុខចិត្តលួចទៅអង្គុយយំតែម្នាក់ឯង រហូតខ្សោះកម្លាំងនៅទីកន្លែងណាមួយ បញ្ហានេះឪពុកម្តាយត្រូវតាមដានឱ្យបានដិតដល់ ពីព្រោះក្មេងបែបនេះអាចគិតខ្លីធ្វើអ្វីផ្តេសផ្តាស ។
ហ្វឹកហាត់ក្មេងឱ្យចេះគិតគ្រប់ជ្រុងជ្រោយ
វិធីមួយដែលជួយឱ្យក្មេងកាត់បន្ថយភាពតានតឹងអារម្មណ៍នោះ គឺហ្វឹកហាត់ឱ្យក្មេងចេះពិចារណាពីហេតុផលផ្សេងៗ ឱ្យគិតបានល្អិតល្អន់ ដោយចេះប្រដែប្រដៅកូនឱ្យមានក្តីសង្ឃឹមនៅក្នុងជីវិត ចេះតស៊ូក្នុងជីវិតដើម្បីជម្នះឧបសគ្គ ចេះកែប្រែកំហុសដែលខ្លួនបានប្រព្រឹត្តខុសឱ្យមករកត្រូវ ដោយឪពុកម្តាយមានវិធីលើកទឹកចិត្តសរសើរកូន ។
ជជែកដេញដោលខ្លះៗជាមួយកូន
រឿងសំខាន់ដែលធ្វើឱ្យកូនមិនកើតអារម្មណ៍អផ្សុកតប់ប្រមល់នោះ គឺត្រូវមានការនិយាយស្តីសួរនាំ ដោយប្រើសម្តីស្លូតបូតប្រកបទៅដោយព្រហ្មវិហារធម៌ជាប្រចាំ ដោយមិនត្រូវរង់ចាំទាល់តែបញ្ហាកើតឡើងទើបឪពុកម្តាយបើកចិត្តទូលាយនិយាយស្តីទន់ភ្លន់រកកូន នោះនឹងញ៉ាំងឱ្យកូនកាន់តែលែងគោរព ហើយកាន់តែធ្វើឱ្យកូនតឹងណែនអារម្មណ៍ ថែមទៀត ម៉្យាងទៀតយើងជឿថា ឪពុកម្តាយត្រូវតាមដានបញ្ហាឱ្យបានច្បាស់ទើបការប្រដែប្រដៅក្មេងនោះវាស្តាប់ហើយមានប្រសិទ្ធភាព ៕
បកប្រែពីសៀវភៅសុខភាពបរទេស
ដោយ កុសល