គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី៖ មនុស្សស្លា.ប់កើនដល់ ២៦នាក់ និងរបួ.សជាង ៦០០នាក់

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី15 ខែមករា ឆ្នាំ2021 ម៉ោង 2:02 នាទី ល្ងាច

ហ្សាការតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៦នាក់ហើយ និងជាង ៦០០នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័របានវាយប្រហារខេត្តស៊ូឡាវ៉េស៊ីខាងលិច ( West Sulawesi) ដែលស្ថិតនៅលើកោះ Sulawesi ភាគកណ្ដាលនៃប្រទេសឥណ្ឌូណេស៊ីតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។

fn-2021-01-15-13-27-51-0

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គ្រោះរញ្ជួយដីខាងលើ កើតឡើងនៅចំងាយ ៦គីឡូម៉ែត្រពីភាគឦសាន្តទីក្រុង ម៉ាចេណេ (Majene) ដោយមានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ។ អ្នកស្រុករាប់ពាន់នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង និងកំពុងស្នាក់នៅទីកន្លែងសុវត្ថិភាព ជាបណ្តោះអាសន្ន បន្ទាប់ពីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដី ប៉ុន្តែវាមិនមានការព្រមានពីរលកយក្សស៊ូណាមិនោះឡើយ ខណៈការញ័ររញ្ជួយកម្រិតខ្លាំង បានកើតមានឡើងតែ ៧វិនាទីប៉ុណ្ណោះ។

fn-2021-01-15-13-27-52-6

ទីភ្នាក់ងារខាងលើ បានគូសបញ្ជាក់បន្ថែមថា សណ្ឋាគារមួយ និងការិយាល័យរបស់អភិបាលខេត្តដីកោះ Sulawesi ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយការផ្គត់ផ្គង់អគ្គិសនី ក៏ត្រូវបានកាត់ផ្តាច់ផងដែរ។ ដោយឡែកមន្ទីរពេទ្យមួយនៅតំបន់ ម៉ាមូជូ (Mamuju) ក៏បានរងការបំផ្លិចបំផ្លាញផងដែរ ដែលជាហេតុធ្វើឲ្យអ្នកជំងឺទាំងអស់ ជាប់គាំងនៅក្នុងអគារនោះ រង់ចាំក្រុមជួយសង្គ្រោះ។

fn-2021-01-15-13-27-51-2

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមួយ ដែលស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្លើង (Ring of fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះប្រទេសអាស៊ានមួយនេះ តែងតែរងការវាយប្រហារជាញឹកញាប់ ដោយគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។ កាលពីឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រដ៏សាហាវ ជាមួយនឹងរលកយក្សស៊ូណាមិ បានវាយប្រហារទីក្រុង ប៉ាលូ (Palu) ដែលស្ថិតនៅលើកោះ Sulawesi នេះដូចគ្នា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម