រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញទស្សនកិច្ចទីស្នាក់ការកណ្តាលថ្មីរបស់អង្គភាពព័ត៌មាន Fresh News

ព័ត៌មានសង្គមថ្ងៃសុក្រ ទី25 ខែធ្នូ ឆ្នាំ2020 ម៉ោង 1:41 នាទី ល្ងាច

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ អមដំណើរដោយមន្ត្រីជាន់ខ្ពស់មួយចំនួននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលថ្មីរបស់អង្គភាពព័ត៌មាន Fresh News ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដំណើរអញ្ជើញទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីនៅទីស្នាក់ការកណ្តាលថ្មីអង្គភាពព័ត៌មាន Fresh News គឺជាការផ្តល់កិត្តិយសដ៏ធំធេងក្នុងនាមជាអាណាព្យាបាលលើវិស័យព័ត៌មាននៅកម្ពុជា។ វត្តមានរបស់លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកនៅទីស្នាក់ការកណ្តាលផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះលោករដ្ឋមន្ត្រី បានអញ្ជើញទស្សនកិច្ច និងពិនិត្យគ្រប់ទីតាំងនៃការិយាល័យដោយមានការអមដំណើរ និងបង្ហាញដោយលោក លឹម ជាវុត្ថា។

photo_2020-12-25_12-51-23 (7)

ទីស្នាក់ការកណ្តាលថ្មីផ្ទាល់ខ្លួនជាលើកដំបូងរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២០។ អគារការិយាល័យថ្មីដែលជាអគារលើកដំបូងក្រោយអង្គភាពព័ត៌មាន Fresh News បដិសន្ធិឡើងជិត៦ឆ្នាំនេះ មានកម្ពស់៤ជាន់ ចែកចេញជាបន្ទប់សម្រាប់ផលិតព័ត៌មានវីដេអូ, បន្ទប់ថតកម្មវិធីសិល្បៈ, កន្លែងផលិតព័ត៌មាន, បន្ទប់ផ្ទុកទិន្នន័យ (Data Center), បន្ទប់ប្រជុំ, កន្លែងអានសៀវភៅ, កន្លែងហាត់ប្រាណ, កន្លែងពិសារកាហ្វេ, អាហារដ្ឋាន និងមានកន្លែងសម្រាប់រៀបចំពិធីជប់លៀងផងដែរ។

ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអារម្មណ៍របស់បុគ្គលិកនោះ លោក លឹម ជាវុត្ថា និងលោក គឹម ម៉េង ជាសហស្ថាបនិក បានផ្ទិតផ្ចង់ជាខ្លាំងលើការរចនាអគារទាំងផ្ទៃខាងក្នុង និងខាងក្រៅឱ្យមានសោភ័ណភាព និងការទាក់ទាញ។ បរិវេណអគារត្រូវបានរៀបចំដោយរំលេចដោយរុក្ខជាតិមួយចំនួន ហើយក៏មានកន្លែងសម្រាប់បុគ្គលិកលំហែអារម្មណ៍ផងដែរ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយការងារ។

photo_2020-12-25_12-51-23 (4)

ក្នុងដំណើរទស្សនកិច្ចនេះ បន្ទាប់ពីបានអញ្ជើញទស្សនកិច្ច និងការបង្ហាញរបស់លោក លឹម ជាវុត្ថានេះ លោករដ្ឋមន្ត្រីបានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងចំពោះការគិតគូរ និងដឹកនាំរបស់នាយកប្រតិបត្តិ វ័យក្មេងអង្គភាពរូបនេះ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការរៀបចំនេះជាភាពឆ្លាតវៃ ប៉ិនប្រសប់ និងធ្វើឱ្យបុគ្គលិករីករាយក្នុងការបំពេញការងារ។ ក្រោយបញ្ចប់ការទស្សនកិច្ចនៅក្នុងទីស្នាក់ការរួចមក លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានចារពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «គណៈប្រតិភូក្រសួងព័ត៌មាន សូមថ្លែងសរសើរហេដ្ឋារចនាសម្ព័ន្ធអង្គភាព Fresh News ដែលប្រកបដោយផាសុខភាព មានលក្ខណៈកក់ក្ដៅជាគ្រួសារ និងធានាប្រសិទ្ធភាពការងារ។ សូមជូនពរ លោកនាយក និងសហការី ទទួលបានជ័យជំនះធំៗ ក្នុងសមរភូមិព័ត៌មាន»។

ក្រៅពីចំណាប់អារម្មណ៍ជាលក្ខណៈសំណេរនេះ លោករដ្ឋមន្រ្តីក៏បានប្រាប់ផ្ទាល់មាត់ទៅលោក លឹម ជាវុត្ថា ពីការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំទីស្នាក់ការថ្មីនៃអង្គភាពព័ត៌មាន Fresh News ដែលធ្វើឲ្យបុគ្គលិកចូលចិត្តធ្វើការនៅកន្លែងការងារ។

photo_2020-12-25_12-51-23

លោករដ្ឋមន្រ្តីបានប្រាប់យ៉ាងដូច្នេះថា «ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំទីស្នាក់ការថ្មីនៃអង្គភាពព័ត៌មាន Fresh News ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកគ្រប់គ្នា ដែលបានធ្វើឱ្យបុគ្គលិកចាត់ទុកទីស្នាក់ការថ្មីនេះ ប្រៀបដូចជាផ្ទះទីពីររបស់ខ្លួនប្រកបដោយផាសុកភាព។ ប្រការនេះ យើងអាចចាត់ទុកថា ជាជោគជ័យមួយជំហានទៀតក្នុងវិស័យសារព័ត៌មាន»។

ក្នុងឱកាសនេះលោក លឹម ជាវុត្ថា បានបង្ហាញក្តីរំភើបរីករាយ និងគោរពអរគុណលោករដ្ឋមន្ត្រី ក្នុងនាមជាអាណាព្យាបាលលើវិស័យព័ត៌មាន ដែលបានអញ្ជើញបំពេញទស្សនកិច្ច និងតែងផ្តល់ដំបូន្មាន និងណែនាំកែលម្អតម្រង់ទិសសម្រាប់អង្គភាពឱ្យឈររឹងមាំលើសមរភូមិសតិអារម្មណ៍៕

photo_2020-12-25_12-51-24

 

photo_2020-12-25_12-51-23 (8)

photo_2020-12-25_12-51-23 (6)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម