លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំង នគរបាល​ជា​ច្រើន​នាក់ ចុះជួយពន្លត់អគ្គីភ័យ ឆេះសណ្ឋាគារ មីង ឌូ នៅ​ក្រុង​ប៉ោយ​ប៉ែត

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី16 ខែកញ្ញា ឆ្នាំ2023 ម៉ោង 1:43 នាទី ល្ងាច

បន្ទាយមានជ័យ: យប់​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ វេលា​ម៉ោង​ប្រមាណ ៩និង៣០នាទី មានករណីអគ្គិភ័យ​មួយបានឆាបឆេះ​សណ្ឋា​គារ​​មួយ​កន្លែង យីហោ មីង ឌូ  ស្ថិត​នៅ​ភូមិក្បាលស្ពាន១ ​សង្កាត់​អូជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆេះជាន់​លើបង្អស់​ជាន់ទី៩។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន​នគរ​បាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ កម្លាំង​ប្រចាំបញ្ជា កម្លាំងជំនាញពន្លត់អគ្គីភ័យ កម្លាំងអធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត កម្លាំងបញ្ជាការវរះនគរបាល​ការពារព្រំដែន​គោក៩១១​,​៨៩១ ជាច្រើនរូប ចុះជួយអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គីភ័យ ចំនួន៨គ្រឿង ដើម្បីពន្លត់ករណីអគ្គីភ័យមួយនេះ។

ទន្ទឹមគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិ​បាលខេត្ត​បន្ទាយមានជ័យ ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ​ទី​តាំង​កើតហេតុ ភ្លាមៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ធ្វើ​យ៉ាងណាធានាបាននូវការពន្លត់ប្រកបដោយប្រសិទ្ធិភាព មិនរាល​ដាល​​បន្ត។ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ ក៏បានសហការជាមួយម្លាំង​កង​រាជអាវុធហត្ថ យោធា និងអាជ្ញាធរមូលដ្ឋាន បណ្តាក្រុម​ហ៊ុនកា​ស៊ីណូ​នៅជាយដែន និង អាជ្ញាធរថៃ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យ ក្រុម​សង្គ្រោះ មួយចំនួនមកជួយកន្លែងកើតហេតុផងដែរ។

ក្រោយពីមានការជួយអន្តរាគមន៍ពន្លត់ពីគ្រប់ភាគីពាក់ព័ន្ធ បាន​ទាន់ពេលវេលា សមត្ថកិច្ចយើងអាចគ្រប់គ្រងស្ថានការណ៍បាន ហើយ​ពន្លត់រហូតភ្លើងរលត់ជោគជ័យនៅវេលាម៉ោង១០:៣០នាទីយប់ថ្ងៃដដែល។ហេតុការណ៍នេះមិនបានបណ្តាលឲ្យជនណាម្នាក់ស្លាប់បាត់បង់ជីវិតឬរបួសឡើយ៕ព័ត៌មានទាន់ហេតុការដោយ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម