ប្រជាពលរដ្ឋជាង៨០០គ្រួសារ សាទរ និងរីករាយក្រៃលែងពេលទទួលបានគម្រោង សាងសង់ប្រព័ន្ធផ្លូវបេតុង ស្ពាន ប្រព័ន្ធលូនៅក្នុងមូលដ្ឋាន ស្ថិតនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី30 ខែឩសភា ឆ្នាំ2023 ម៉ោង 3:37 នាទី ល្ងាច

ប្រជាពលរដ្ឋជាង៨០០គ្រួសារ សាទរ និងរីករាយក្រៃលែងពេលទទួលបានគម្រោង សាងសង់ប្រព័ន្ធផ្លូវបេតុង ស្ពាន ប្រព័ន្ធលូនៅក្នុងមូលដ្ឋាន ស្ថិតនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ លោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សា និងលោក គួច ចំរើន អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង១ខ្សែ និងពិធីប្រកាសជួសជុលផ្លូវបេតុងចំនួន ២៩ខ្សែ ប្រវែង១៤,១៣២ម៉ែត្រ ស្ពានចំនួន១ទីតាំង លូកាត់ទទឹងផ្លូវចំនួន៦ទីតាំង និងលូប្រអប់ចំនួន២កន្លែង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំឃុំ/ស្រុក កងកម្លាំងមានសមត្ថកិច្ច អជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋប្រមាណជាង ៨០០នាក់បានចូលរួម។

ពិធីបើក និងប្រកាសធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្រោយសាលាឃុំព្រៃនប់ (ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨៩-១៩០។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា  ការបើកការ ដ្ឋានជួសជុលផ្លូវបេតុង ០១ខ្សែ ប្រវែង ៣៦៥ម៉ែត្រ នៅស្រុកព្រៃនប់ ដោយថ្ងៃនេះមានការចូល រួមពីក្រុមប្រឹក្សាឃុំ មេភូមិ ក្នុងស្រុកព្រៃនប់ យើងបើកកាដ្ឋានជួស ជុលផ្លូវបេតុង ០១ខ្សែ។ សម្រាប់ស្រុកព្រៃនប់យើងមាន ២២គម្រោង ស្មើនឹងផ្លូវបេតុងចំនួន ៣០ខ្សែ មានប្រវែង ១៤គីឡូ ៤៩៧ម៉ែត្រ និងលូកាត់ទទឹងផ្លូវចំនួន ៦ទីតាំង លូប្រអប់ចំនួន ០២កន្លែង សួនរង្វង់ មូលវាលរេញ ការតបណ្តាញអគ្គិសនីនៅសាលាវិទ្យល័យទួលកែវ ការសាងសង់បណ្ណាល័យ ០១ខ្នង នៅវិទ្យាល័យទួលកែវ និងការសាងសង់មត្តេយ្យសិក្សា សហគមន៍ បន្ទប់ទឹកចំនួន ៤ទីតាំងនៅស្រុកព្រៃនប់ មាននៅភូមិអូរឧកញ៉ាហេង បឹងតា ព្រហ្ម ជើងគោ និងឃុំទឹកល្អក់ ជាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣។ រាល់គម្រោងទាំងអស់នេះ សូម ប្រកាសបើកការដ្ឋាន ចេញពីទីនេះ ថ្ងៃនេះព្រមៗគ្នាតែម្តង ថ្ងៃនេះយើងបើកការដ្ឋាន ៨ខ្សែផ្លូវ ដែលមានក្រុមហ៊ុន ចំនួន២ ដេញថ្លៃបានដំណើរការសាងសង់ ហើយមានគម្រោងខ្លះនៅ ស្រុកព្រៃនប់  និងគម្រោងខ្លះទៀតនៅក្រុង ស្រុកផ្សេងៗទៀត ព្រោះគម្រោងនេះបានដាក់ ពង្រាយតាមឃុំ សង្កាត់ទាំង ២៩ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងក្របខ័ណ្ឌថ្នាក់ខេត្ត ព្រមទាំងបានធ្វើការ ណែនាំដល់ក្រុង ស្រុក ឃុំ សង្កាត់ បន្តការយកចិត្តទុកដាក់រៀបចំសិក្សា គម្រោងការ ដេញថ្លៃឱ្យបានសមស្រប ព្រោះកញ្ចប់ថវិកាដែលយើងមាន ដើម្បីបង្កើន ប្រសិទ្ធផល តម្លាភាពក្នុងមូលដ្ឋាន ក្នុងការប្រើប្រាស់កញ្ចប់ថវិកា ឱ្យមានប្រសិទ្ធភាព ដូច្នេះក្រុមប្រឹក្សាឃុំ  សង្កាត់ត្រូវខិតខំគិតគូររៀបចំប្រើប្រាស់កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវ ឱ្យប្រជាពលរដ្ឋរបស់យើង បន្តការគាំទ្រសម្រាប់អាណត្តិនេះ និងអាណត្តិខាងមុខបន្តទៀត។

អភិបាលបានបន្តថា យើងត្រូវមានសមត្ថភាព មានការយល់ដឹងគិតគូរឱ្យបានត្រឹមត្រូវ មានតម្លាភាពប្រជាពលរដ្ឋ និងគាំទ្រអស់លោកគ្រប់អាណត្តិតទៅមុខទៀត ហើយចាត់ទុក ភារកិច្ចនេះ ជារឿងសំខាន់ នៃកំណែទម្រងវិមជ្ឈការ និងវិសហមជ្ឈការ និងជាម៉ែត្រវាស់ ស្ទង់មួយយ៉ាងសំខាន់សម្រាប់ ក្រុមប្រឹក្សាប្រើប្រាស់កញ្ចប់ថវិកាក្នុង ការអភិវឌ្ឍមូលដ្ឋាន របស់ខ្លួនឱ្យចំទិសដៅ មានប្រសិទ្ធភាព ប្រសិទ្ធផលនៅក្នុងមូលដ្ឋាន ហើយឃុំ សង្កាត់ភាគ ច្រើនបាន បំពេញការងារល្អ នៅឃុំសង្កាត់មួយចំនួនតូច មិនបាន យកការងារនេះមក ធ្វើការគិតគូរ ដោយខ្លួនឯកនោះទេ អាចនិយាយបានថា សមត្ថភាព ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់មិនត្រូវបានលើកកម្ពស់តាមររៀប នៃការអនុវត្តផែនការ សកម្មភាពដោយផ្ទាល់ យើងត្រូវប្រើប្រាស់កញ្ចប់ថវិការបស់យើងទៅជាសមិទ្ធផលឱ្យបាន ច្រើននៅក្នុងមូលដ្ឋាន។ 

លោកបានបញ្ជាក់ទៀតថា ក្រសួងមហាផ្ទៃបានធ្វើការប្រឡង ប្រណាំងពានរង្វាន់ការបម្រើសេវាសង្គម សម្រាប់បណ្តាឃុំ សង្កាត់នៅទូទាំងប្រទេស ដោយឡែកនៅខេត្តព្រះសីហនុឆ្នាំ២០២៣ រដ្ឋបាលខេត្តបានជំរុញឱ្យមានការប្រឡង ប្រណាំងការបម្រើសេវាល្អ ដើម្បីឱ្យថ្នាក់មូលដ្ឋាន មានការប្រឡងប្រណាំងផ្តល់រង្វាន់ លើកទឹកចិត្តលើការងារបម្រើសេវាល្អ ជូនបងប្អូនប្រជាពលរដ្ឋ ហើយចាប់ពីឆ្នាំ២០២២ និងបន្តមកឆ្នាំ២០២៣ ក្នុងការបម្រើ សេវាល្អ និងទទួលយកសំណូមពរពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាគោលដៅបម្រើ សេវាសាធារណៈកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់ក្រមាជូនប្រជាពលរដ្ឋ ចូលរួមម្នាក់ក្រមា ០១ និងក្រុមគ្រូពេទ្យចំនួន ១០នាក់ ទទួលថវិកាម្នាក់ ១០ម៉ឺនរៀល៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម