ប្រជាពលរដ្ឋ៤៥៨គ្រួសារ ទទួលបានស្បៀងអាហារពីរាជរដ្ឋាភិបាលកម្ពុជា…

ព័ត៌មានសង្គមថ្ងៃពុធ ទី23 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 2:55 នាទី ល្ងាច

កំពង់ចាមៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថា នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់អាហារឡើយ ។ ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាស្រុកស្រីសន្ធរ ក្នុងពិធី ចែកអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាលជូនដល់ ប្រជាពលរដ្ឋចំនួន៤៥៨គ្រួសារ ។

 ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យីម ឆៃលី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែមានក្តីបារម្ភនិងគិតគូរ  ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ  ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកទុក្ខ ព្រមដោះស្រាយទាន់ពេលវេលា ។  

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម បន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំគ្រប់លទ្ធភាព និងកៀរគរធនធានគ្រប់បែបយ៉ាង ដើម្បី ជួយដោះស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាព ជូនដល់ប្រជាពលរដ្ឋយើង នៅគ្រប់ទីកន្លែងទាំងអស់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ។ ក្នុងនោះ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថា នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការអត់អាហារឡើយ ។ 

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកថ្លែងអំណរគុណ ចំពោះ ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធ ទាំងអស់ ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះលើសលុប ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅថ្មីៗនេះ ។ 

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា សម្តេចតេជោ ហ៊ុន សែន គីជាបិតាសន្តិភាពនៅកម្ពុជា ជាស្នូល នៃការបង្រួបប្រួមជាតិ ជាស្នូល នៃការកសាង និងអភិវឌ្ឍជាតិ ជាជើងឯកក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ តាមរយៈ យុទ្ធសាស្ត្រស្រោចវ៉ាក់សាំង នៅគ្រប់តំបន់ ទូទាំងប្រទេស ។ ហើយឆ្នាំនេះ កម្ពុជា ធ្វើជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗ ប្រកបដោយជោគជ័យ ដែលបានផ្តល់នូវកិត្តិនាម កិត្តិស័ព្ទ ដ៏ប្រពៃ សម្រាប់ប្រជាជាតិខ្មែរ ដែលជាប្រភព ដ៏រឹងមាំ ក្នុងការពារ និងអភិវឌ្ឍជាតិ លើគ្រប់វិស័យ ។

 គួបញ្ចាក់ផងដែរថាអំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៤០០ គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ ២៥ គក្រ មី ១ កេស ត្រីខ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកស៊ីត្រី ១ យួរ ។ចំនែកអំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៥៨គ្រួសារ បាក់ស្រុតច្រាំងក្នុង១គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ  មី ១ កេស  ត្រីខ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកស៊ីត្រី ១ យួរ តង់ ១ ថវិកា ៣០ម៉ឺនរៀល៕



ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម