ផលិតផលម្ហូបអាហារខូចគុណភាព ជាង០៣តោន ត្រូវបានមន្ត្រីជំនាញក.ប.ប.ខេត្តត្បូងឃ្មុំ ធ្វើការរកឃើញ ដកហូត និងដុតកម្ទេចចោល...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី17 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 1:58 នាទី ព្រឹក

ត្បូងឃ្មុំៈ រយៈពេល០៣ខែ ចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តត្បូងឃ្មុំ បានចុះអនុវត្តន៍ត្រួតពិនិត្យ ធ្វើតេស្តរកឃើញ ធ្វើការប្រមូលដកហូតទំនិញក្លែងក្លាយ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានលាយលំសារធាតុគីមី សរុបប្រមាណ៣,៣០០គីឡូក្រាម ដែលដាក់តាំងលក់នៅតាមផ្ទះ ហាងទំនើប និងទីផ្សារនានានៅទូទាំងខេត្តត្បូងឃ្មុំ ។

 ក្រោយប្រមូលដកហូតបាន ទំនិញខូចគុណភាពទាំងនេះ ដោយយោងតាមគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២២ ត្រូវបានធ្វើពិធីដុតកម្ទេចចោលនៅបរិវេណខាងក្រោយមន្ទីរក.ប.ប ខេត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

 សកម្មភាពដុតកម្ទេចចោលនេះ ធ្វើឡើងដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី ក.ប.ប ខេត្ត សហការជាមួយសាលាដំបូងខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរព័ត៌មានខេត្ត រួមជាមួយរដ្ឋបាលបណ្តាក្រុង/ស្រុកទាំង ៧ ក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ។

 បើតាមលោក សាន វិជ្ជាសារ៉ាវុធ ប្រធាន សាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាផលិតផលម្ហូបអាហារខូចគុណភាពទាំងនេះគឺមាន ភេសជ្ជៈទឹកក្រូច ប៊ីយែរ នំកញ្ចប់ ជាដើម ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ។

 ជាមួយគ្នានោះ លោកប្រធានសាខា ក.ប.ប. ខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករសូមប្រុងប្រយ័ត្នមុននឹងទិញ ក៏ដូចជាប្រើប្រាស់ទំនិញនានាលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងប៉ះផលិតផលក្លែងក្លាយ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានលាយលំសារធាតុគីមី ធ្វើឱ្យបងប្អូនអ្នកប្រើប្រាស់ ទទួលរងប៉ះពាល់សុខភាពទៅថ្ងៃក្រោយ ។

 ជាងនេះទៀត អ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមទទួលទោសចំពោះមុខច្បាប់ជាធរមាន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម