រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ភ្ជាប់ឃុំត្រមូង និងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ....

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី03 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 1:32 នាទី ល្ងាច

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តនិគ្រោធសាមគ្គីរាម ហៅវត្តទំនប់ជ្រៃ ភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែងជាង១០ ឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ ។

 ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីបានថ្លែងថា៖ ផ្លូវដែលកំពុងបើកឲ្យដំណើរការសាងសង់នាពេលនេះ មានទីតាំងមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិជាំទ្រៀក ឃុំត្រមូង ទៅដល់ភូមិថ្មទទឹង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  មានប្រវែង ១០ គីឡូម៉ែត្រ និង ២៧៨ម៉ែត្រ ដែលក្នុងនោះប្រវែង ៩ គីឡូម៉ែត្រ និង៩៥៣ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និង ៣២៥ ជាប្រភេទផ្លូវបេតុង ។ 

 ផ្លូវនេះមានទទឹងប្រវែង ០៦ ម៉ែត្រ និងមានសំណង់លូប្រអប់ចំនួន ០២កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន ០៧ កន្លែង លូមូលកាត់ផ្លូវបំបែកចំនួន ០៥កន្លែង លូអក្សរអ៊ុយប្រវែងសរុប ៣៤០ម៉ែត្រ និងបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមបណ្តោយខ្សែផ្លូវ ដូចជា ស្លាកសញ្ញាចរាចរណ៍មានចំនួន ៥៨កន្លែង គំនូសតាមអ័ក្សផ្លូវ និងគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ផ្លូវចំនួន ០២ កន្លែង ។

 ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានថ្លែងទៀតថា៖ ផ្លូវនេះគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ដែលទទួលការសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., Ltd. ក្នុងថវិកាសរុប ១ ៣៩៣ ៨៩៦, ៣៩ ដុល្លារអាមេរិក ។

 ឯកឧត្ដមបណ្ឌិត បានបន្តថា៖ នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ ផ្ដល់ឪកាស និងមានលក្ខណៈពិសេសខុសពីគម្រោងផ្សេងៗទៀតដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ ១៩ ។ 

 គម្រោងនេះអនុវត្តនៅក្នុងខេត្តគោលដៅចំនួន ៥គឺ គឺខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន និងខេត្តកោះកុង ដែល

គម្រោងនឹងស្ថាបនាផ្លូវសរុបប្រវែង ២៣៥ គ.ម ក្នុងនោះផ្លូវចាក់កៅស៊ូប្រវែង ១៨៥ គ.ម និងផ្លូវបេតុងប្រវែង ៥០ គ.ម សាងសង់ស្រះ   សហគមន៍ចំនួន ១៥០ ស្រះ និងផ្តល់ឱកាសការងាររយៈពេលខ្លីជូនប្រជាពលរដ្ឋនៅជនបទចំនួន ៥០ ០០០គ្រួសារ និង ១៥០ ០០០ គ្រួសារផ្សេងទៀត នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយអនាម័យ ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម