ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន សម្រេចបាន ៧០% នៃផែនការ ស្មើនឹង៩០ចំការមីន កម្ទេចបានជាង១ពាន់គ្រាប់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែតុលា ឆ្នាំ2022 ម៉ោង 11:29 នាទី ព្រឹក


ត្បូងឃ្មុំ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម" និងជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងប្រជាពលរដ្ឋ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណជិត ២០០ នាក់ ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការសកម្មភាពមីន ខេត្តត្បូងឃ្មុំ ឯកឧត្តមឧត្តមសេនីយ៍ប្រតិភូអមដំណើរ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ/អង្គភាព ជំនាញពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក ទាំង ៧ កងកម្លាំងបោសសម្អាតមីន និងប្រជាពលរដ្ឋផងដែរ ។


នាឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា បានអានរបាយការណ៍ប្រតិបត្តិការ និងមតិស្វាគមន៍ ពិធីកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន ។ ឯកឧត្តមឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា គម្រោងបោសសម្អាតមីននៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នេះ មានរយៈ ៦ ខែ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ គិតមកដល់នេះមានរយៈពេល ជាង ៣ ខែ ប្រតិបត្តករ (NPMEC) បោសសម្អាតសម្រេចបាន ៧០ ភាគរយ និងបញ្ចប់ការដ្ឋានបោសម្អាតមីន ១០០ ភាគរយ មុនផែនការ នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងនោះដែរ កងកម្លាំងក៏បានបន្តស្រាវជ្រាវ តំបន់ដែលមានគ្រាប់មីន មិនទាន់ផ្ទុះក្នុងតំបន់ស្រុកមេមត់ មានចំនួន ១៣០ ហិចតា ដោយបានលើកគម្រោងស្នើសុំទៅសម្តេចតេជោ ដើម្បីបន្តការបោសសម្អាតមីនទាំងនេះ អោយអស់ ផងដែរ ។
តមក ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត មានប្រសាសន៍ស្វាគមន៍ និងបានលើកឡើងថា ស្រុកមេមត់ គឺជាតំបន់ប្រវត្តិសាស្រ្តសង្រ្គាមតស៊ូ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឥស្សរជនខ្មែរស្នេហាជាតិជាច្រើនរូបទៀត ដើម្បីរំដោះប្រទេសចេញពីរបបវាលពិឃាត ប៉ុល ពត ដោយសង្រ្គាមបានបន្សល់នូវគ្រាប់មីន និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះជាច្រើន ដែលបណ្តាលអោយប្រជាជនស្លាប់ និងពិកាដល់បច្ចុប្បន្ននេះ ។


ថ្លែងនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថា ការងារបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តត្បូងឃ្មុំ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” សម្រេចបានប្រមាណ ៧០% នៃផែនការបោសសម្អាតលើផ្ទៃដីសរុប ៤.៦៨៧.៣១៧ ម៉ែត្រក្រឡា ស្មើនឹង ៩០ចម្ការមីន ដោយបានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦ គ្រាប់ មីនប្រឆាំងរថក្រោះ ១៥ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១០៨០ គ្រាប់ ។


ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់នាថ្ងៃនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់ក្រោយសង្រ្គាម ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ក្នុងឆ្នាំ២០២៥ របស់សម្តេចតេជោ ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងបោសម្អាតមីន កម្លាំងនគរបាលការពារព្រំដែន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម