ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើង ប្រជាពលរដ្ឋ៦៩គ្រួសារដែលចិញ្ចឹមសត្វពាហនៈ បានបញ្ជូនសត្វទាំងនោះទៅកាន់ទីទួលសុវត្ថិភាពហើយ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី04 ខែតុលា ឆ្នាំ2022 ម៉ោង 4:54 នាទី ល្ងាច


ត្បូងឃ្មុំ: ប្រជាពលរដ្ឋរស់នៅតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ កំពុងតែជម្លៀសសត្វពាហន:ទៅកាន់ទីទួលសុវត្ថិភាព ខណ:ទឹកទន្លេមេគង្គនៅតែបន្ត ឡើង តំបន់ទំនាបតាមដងទន្លេមេគង្គ ទទួលរងការប៉ះពាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមសត្វ ការប្រកបរបរកសិកម្ម របស់ប្រជាពលរដ្ឋមួយចំនួន ពិសេស
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទន្លេបិទ និងឃុំជីរោទ៍ទី ១ ស្រុក/ ខេត្តត្បូងឃ្មុំ ។ ទឹកទន្លេនៅតែបន្ត ឡើង បណ្តាលឲ្យលិចភូមិដ្ឋាន ផ្ទះសម្បែងរបស់បងប្អូនមួយចំនួន ហើយពួកគាត់បាននាំ គោ ក្របី សេះ និងពពែ ទៅកាន់ទីទួលសុវត្ថិភាពមួយរយៈសិន រង់ចាំពេលទឹកស្រក ទើបបានត្រឡប់មកផ្ទះវិញ ។
ខណៈនេះ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំបានឲ្យដឹងនៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ថា ប្រជាពលរដ្ឋដែលពួកគាត់ចិញ្ចឹម គោ ក្របី សេះ និង ពពែ មាន នៅក្នុងឃុំជីរោទ៍ទី ១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានមកស្នាក់នៅលើទីទួលសុវត្តិភាពចំនួន៣កន្លែង រួមមានៈ ១.ទីទួលសុវត្ថិភាពនៅមុខស្នាក់ការស្រុកត្បូងឃ្មុំ ២.ដីរបស់លោក វង់ ថៃ និងទី៣.ដីរបស់លោក អាន ម៉េងស៊្រុន ។ សរុបចំនួន ៦៩ គ្រួសារ ស្មើ ២១៨ នាក់ សត្វពាហន:គោសរុប ២១៧ ក្បាល ក្របីចំនួន ៨៦ ក្បាល ពពែចំនួន ២៤៥ ក្បាល សេះចំនួន ៣ ក្បាល ។
លោកអភិបាលបានបញ្ជាក់ទៀតថា ទឹកឡើងនេះ មិនជាធ្ងន់ធ្ងរអ្វីទេ ហើយអាជ្ញាធរខេត្ត ស្រុកក៏បានយកចិត្តទុកដាក់ បានផ្តល់អំណោយដល់បងប្អូនយើងទាំងនោះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ រួចផងដែរ ។
លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២២នេះ ថា ទឹកទន្លេមេគង្គឡើង ៣ផឹង ហើយមានកម្ពស់ ១៣ម៉ែត្រ៨តឹកនិង១ ផឹង បើប្រៀបធៀបឆ្នាំមុននៅវេលាដូចគ្នា ឆ្នាំនេះខ្ពស់ជាង ៤ ម៉ែត្រ ៣តឹក ១ហ៊ុន ហើយទឹកដែលត្រូវប្រកាស់ឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម