រឿងរ៉ាវលិចទូក១គ្រឿងនៅព្រះសីហនុ ជាករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីចិនចូលកម្ពុជា ខណៈជនសង្ស័យ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការហើយ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី30 ខែកញ្ញា ឆ្នាំ2022 ម៉ោង 3:17 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោយពេលស្រាវជ្រាវលើករណីលិចទូក នៅខេត្តព្រះសីហនុ សមត្ថកិច្ចបានរកឃើញថា ករណីនេះគឺជាការនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិនចូលកម្ពុជា ខណៈជនសង្ស័យ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ។

ករណីឧបទ្ទវហេតុលិចទូក ០១គ្រឿង នៅក្នុងសមុទ្រស្ថិតនៅចន្លោះកោះរ៉ុងសន្លឹម និងកោះតាង ខេត្តព្រះសីហនុ បានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលនៅលើទូកនោះ មានមនុស្សសរុប ៤៣នាក់ (ជនជាតិចិន៤១ និងជនជាតិខ្មែរ ០២នាក់)។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលកាពារព្រំដែនទឹក ចេញទៅជួយសង្គ្រោះជនរងគ្រោះ បានជាបន្តបន្ទាប់ដោយក្នុងនោះ ខាងកម្ពុជាយើងសង្គ្រោះនិងរកឃើញចំនួន២៤នាក់(ស្លាប់៣នាក់) និងខាងប្រទេសវៀតណាមសង្គ្រោះនិងរកឃើញចំនួន១៧នាក់(ស្លាប់៨នាក់)។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្រោយពីសួរនាំ និងបន្តស្រាវជ្រាវលើករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៦នាក់ (ចិន១នាក់ និងខ្មែរ៥នាក់) ជាប់ពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិន ដែលក្នុងនោះមានឈ្មោះដូចជា៖ ១៖ PAN XING WEI ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជតិចិន មុខរបរ ទិញលក់ត្រី និងលក់ប្រេងម៉ាស៊ុត ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។២៖ ឈ្មោះ ញឹម សាខន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជតិខ្មែរ មុខរបរលក់គ្រឿងសមុទ្រ និងលក់ប្រេងម៉ាស៊ុត ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។៣៖ ឈ្មោះ គា ភារៈ ហៅ លក្ខ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជតិខ្មែរ មុខរប តៃកុងទូក ស្ថិតនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។៤៖ ឈ្មោះ សឿន ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជតិខ្មែរ មុខរបរកម្មករទូក ស្ថិតនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។៥៖ ឈ្មោះ នួន នីន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជតិខ្មែរ មុខរបរតៃកុងទូក ស្ថិតនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។៦៖ ឈ្មោះ យឿន យិន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក ស្ថិតនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។
ពួកគេត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់រួចហើយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
នាយឧត្តមសេនីយ៍ បានបន្ថែមថា ចំណែកជនជាតិចិនទាំង ៣០នាក់ (ស្រី១) ដែលកម្លាំងសមត្ថកិច្ចជួយសង្គ្រោះបាននោះ មាន០៥នាក់ កំពុងមានតំរុយជាប់ពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិន ចូលមកប្រទេសកម្ពុជា។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច បានប្រគល់ជូនស្ថានទូតចិនផងដែរ។
បរុសជនជាតិចិនទាំង ០៥នាក់ ដែលមានតំរុយជាប់ពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិនចូលមកកម្ពុជា មានឈ្មោះដូចជា៖ ១៖ ឈ្មោះ GUO JIAN PING អាយុ ៣៣ឆ្នាំ, ២៖ ឈ្មោះ LIN SHUANG អាយុ ២៥ឆ្នាំជនជាតិចិន, ៣៖ ឈ្មោះ WANG LI CHU ហៅ HUAN LI CHU អាយុ ៤២ឆ្នាំ , ៤៖ ឈ្មោះ ZHU ZHI MING អាយុ ៣៧ឆ្នាំ, ៥៖ ឈ្មោះ LIU SHAI JUN អាយុ ៣៣ឆ្នាំ។ ពួកគេទាំង៥នាក់នេះ ពុំមានលិខិតឆ្លងដែននោះទេ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម