ឯកឧត្ដម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុត បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីដកពិសោធន៍ការងារបង្រ្កាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី18 ខែកញ្ញា ឆ្នាំ2022 ម៉ោង 11:38 នាទី ព្រឹក

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដកពិសោធន៍ការងារបង្រ្កាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងការអនុវត្តតាមសារសម្លេងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស ដោយមានចូលរួមពី លោកអភិបាលរងខេត្ត នាយកដ្ឋានកណ្តាលសន្តិសុខ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការសាលាខេត្ត មេធាវីសាលាខេត្ត អធិការនគរបាលក្រុងស្រុក មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានមានមតិលើកឡើងថា កិច្ចប្រជុំថ្ងៃនេះតាមកម្មវិធីដែលបានគ្រោងទុក គឺដើម្បីត្រួតពិនិត្យ ដកបទពិសោធន៍នៃការចុះអនុវត្តករណីការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងអនុវត្តតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈសារសម្លេង ឱ្យចុះ បង្រ្កាប និងបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។ ដូច្នេះសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្តាប់សារសម្លេងរបស់ សម្តេចតេជោ ឱ្យបានគ្រប់ៗគ្នា និង ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ តាមបទបញ្ជានេះ។ ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនេះ ស្នើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះធ្វើការអប់រំ វិធានការរដ្ឋបាល និងធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជាដាច់ខាត ករណីរឹងរូស គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវសួរយោបល់ព្រះរាជអាជ្ញា និងមេធាវីប្រចាំរដ្ឋបាលខេត្តព្រះសីហនុ ជាមុន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

បន្ទាប់ពីមាន ការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស អង្គប្រជុំបាន សម្រេចដាក់ចេញនូវវិធានការដូចខាងក្រោម៖

-អភិបាលក្រុង-ស្រុក អធិការ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវដឹកនាំកិច្ចប្រជុំនៅល្ងាចនេះ និងត្រូវចុះអនុវត្តបិទទីតាំងឡូតូនិងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយត្រូវធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ រួចត្រូវបូកសរុបរបាយការណ៍ជូនរដ្ឋបាលខេត្តនៅពេលល្ងាច ថ្ងៃដដែល និងថ្ងៃបន្តបន្ទាប់។
-មុនពេលចាត់វិធានការផ្លូវច្បាប់លើទីតាំងដែលរឹងរូស អភិបាលក្រុង-ស្រុក ត្រូវទូរស័ព្ទដោយផ្ទាល់ទៅព្រះរាជអាជ្ញា ដើម្បីសម្របសម្រួលនីតិវិធី។
-នៅក្នុងតារាងតាមដានប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ ត្រូវរៀបចំ ១.លេខរៀង, ២.លេខកូដ, ៣.កាលបរិច្ឆេទ, ៤.ប្រភព, ៥.ទីតាំង, ៦.អាសយដ្ឋាន, ៧.ក្រុមប្រតិបត្តិការ, ៨. អយ្យការដឹកនាំនីតិវិធី, ៩.កាលបរិច្ឆេទចាប់ផ្តើមប្រតិបត្តិការ និងបញ្ចប់ប្រតិបត្តិការ, ១០.កម្មវត្ថុបណ្តឹង ១១.លទ្ធផលនៃការស្រាវជ្រាវ និង១២.ផ្សេងៗ។ ករណីមានបទល្មើសត្រូវបញ្ជាក់អំពីជនរងគ្រោះ និងជនសង្ស័យដែលត្រូវផ្តន្ទាទោស។
-ចំពោះការចុះប្រតិបត្តិការការងារតាមទីតាំងនីមួយៗ មន្រ្តីនគរបាលយុត្តិធម៌ ជាអ្នកធ្វើកំណត់ហេតុ និងជាអ្នកឆែកឆេរ ទីតាំង និងមនុស្ស ។
-ពេលក្រុមការងារចុះអនុវត្ត ប្រសិនបើរកឃើញថា បង្ខាំងឱ្យធ្វើការ ត្រូវពិន័យ ២.៦២០.០០០រៀល និងបង្ខំធ្វើការលើសម៉ោង ត្រូវពិន័យ ១.៦៨០.០០០រៀល តាមច្បាប់ស្តីពីការងារ។
-រៀបចំក្រុមការងារឱ្យបានច្បាស់លាស់៖ ក្រុមទី១.ក្រុមចុះប្រតិបត្តិការ, ក្រុមទី២.ក្រុមត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ក្រុមទី៣.ក្រុមត្រួតពិនិត្យផលនៃបទល្មើស ក្រុមទី៤.ក្រុមធ្វើកំណត់ហេតុ និងរបាយការណ៍។ ការចុះប្រតិបត្តិការលើកក្រោយ ខ្ញុំនឹងប្រគល់ភារកិច្ចជូនអភិបាលរងខេត្ត ០៤រូបជាអ្នកដឹកនាំ។
-កម្លាំងកងរាជអាវុធហត្ថជាអ្នកទទួលខុសត្រូវត្រួតពិនិត្យ ជុំវិញទីតាំងចុះប្រតិបត្តិការ ។
-កិច្ចប្រតិបត្តិការលើកក្រោយ ត្រូវមានក្រុមឈុតខ្មៅមួយក្រុម ចាំជួយគាំទ្រ មានរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់។
-ស្នើធ្វើរបាយការណ៍បញ្ចប់ប្រតិបត្តិការឆែកឆេរអគារ ឆាងឆឹង ដើម្បីស្នើសុំមតិដឹកនាំពី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
-រាល់ការចុះប្រតិបត្តិការ ស្នើ ឱ្យមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា ដែលមានក្រឡាបញ្ជីជាអ្នកធ្វើកំណត់ហេតុ។
-ត្រូវកំណត់ទីតាំងអាជីវកម្មមានច្បាប់ និងអត់ច្បាប់ក្នុងតារាងតាមដានប្រតិបត្តិការ ជាមុន។ ចំពោះមុខត្រូវចុះពិនិត្យទីតាំងដែលអត់ច្បាប់និងទីតាំងដែលមានបណ្តឹងពាក់ព័ន្ធការធ្វើទារុណកម្មមនុស្ស។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម