កាន់តែសាហាវណាស់.! ជនជាតិចិនស្លាប់៤នាក់ របួស២នាក់ ក្នុងករណីទំនាស់ពាក្យសម្តីគ្នាក្រោយពេលផឹកសុី នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែសីហា ឆ្នាំ2022 ម៉ោង 10:57 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ អញ្ជើញពិនិត្យវត្ថុតាង និងនាំយកថវិកាដេីម្បី លើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនទទួលបានជោគជ័យ។

ឯកឧត្តម គួច ចំរើន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខិតខំបំពេញ ការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសក្នុងការបង្ការ បង្ក្រាបនូវរាល់បទល្មើសបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការណែនាំដល់កងកម្លាំងសមត្ថកិច្ចត្រូវប្រុងប្រយ័ត្នជាប់ជាប្រចាំ ព្រោះជនល្មើសតែងតែមានអាវុធ ដូច្នេះយើងត្រូវតែចេះការពារខ្លួនឱ្យបានល្អ។ ដោយសារតែកន្លងមកមានសកម្មភាពមិនប្រក្រតីភាពមួយចំនួន បានកើតឡើងក្នុងក្រុងព្រះសីហនុ ដូចជា៖
ទី១.បញ្ហាគ្រឿងញៀន
ទី២.ការបង្ខាំងមនុស្សខុសច្បាប់
ទី៣.បញ្ហាអាវុធជាតិផ្ទុះ ការប្រើប្រាស់អាវុធដោយខុសច្បាប់នៅតាមដងផ្លូវសាធារណៈ និងតាមកន្លែងមួយចំនួន។ បញ្ហាទាំងនេះដែលយើងត្រូវតែបន្តស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដោយបន្តចុះធ្វើសកម្មភាពល្បាត ដើម្បីស្វែងរកអ្នកដែលប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវធ្វើដូចភ្លៀងរលឹម ដើម្បីគ្រប់គ្រងអ្នកប៉ុនប៉ងប្រព្រឹត្តអំពើមិនគប្បី ដោយការប្រើប្រាស់អាវុធ និងធ្វើសកម្មភាពចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងក្រុងរបស់យើង ដើម្បីសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។

សូមជម្រាបជូនថា យោងតាមរបាយការណ៍បឋមរបស់ស្នងការដ្ឋាននគរបាលខេត្ត កាលពីវេលាម៉ោង ០០និង ៥០នាទី រំលងអធ្រាត្រ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធមួយកើតឡើង បង្កដោយមនុស្សមួយក្រុមមានគ្នាចំនួន៦នាក់ ជនជាតិខ្មែរ១នាក់ ជាអ្នកបើកបររថយន្តនិងជនជាតិចិន៥នាក់ជាមិត្តភ័ក្ត្រគ្នា(ទើបស្គាល់គ្នា)។ តាមការបំភ្លឺរបស់អ្នកឃើញហេតុការណ៍បានឱ្យដឹងថា៖ នៅវេលាម៉ោងខាងលើជនរងគ្រោះ និងជនសង្ស័យបានជិះរថយន្តជាមួយគ្នាចេញពីផឹកស៉ី មកដល់ចំណុចខាងលើ ក៏បានបង្កជំលោះគ្នា ដោយជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពយកអាវុធខ្លី និងកាំបិតគំរាមជនរងគ្រោះចំនួន៣នាក់ផ្សេងទៀត។ ឃើញដូច្នេះអ្នកបើកបរជនជាតិខ្មែរ បានរត់ចេញក្រៅរថយន្តស្រែកឱ្យគេជួយ ស្រាប់តែជនសង្ស័យ៣នាក់ ដែលជិះខាងក្រោយចាប់គ្រៀកជនរងគ្រោះ១នាក់ទៀត និងបានប្រតាយប្រតប់គ្នា ដោយជនរងគ្រោះត្រូវបានជនសង្ស័យចាក់១កាំបិតចំពោះ ហើយជនរងគ្រោះខំរុញទ្វាររថយន្តលោតចេញក្រៅ ក៏ត្រូវជនសង្ស័យបាញ់១គ្រាប់ចំក្បាលស្លាប់ក្បែររថយន្តតែម្តង។ ចំណែកជនរងគ្រោះ១នាក់ ផ្សេងទៀត ដែលជិះនៅខាងមុខ ត្រូវបានក្រុមជនសង្ស័យទាំង៣នាក់ចាប់ខ្លួនយកទៅជាមួយរថយន្តរបស់ជនរងគ្រោះ ដែលជាមធ្យោបាយរត់គេចខ្លួនផងដែរ។

ភ្លាមនោះកម្លាំងរថយន្តល្បាតកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងជិះល្បាតនៅក្បែរម្តុំនោះបានទទួលព័ត៌មាន បានជិះដេញប្រកិតតាមរថយន្ត ដែលជនសង្ស័យបើករត់គេចខ្លួន ហើយក្រុមជនសង្ស័យបានធ្វើការបាញ់មកលើសមត្ថកិច្ចយើងទៅវិញទៅមកជាច្រើនគ្រាប់។ ហើយ កម្លាំងសមត្ថកិច្ចយើង បន្តដេញតាមដោយមានការបន្ថែមកម្លាំងជំនាញ ពីស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានតាមរហូតដល់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរថយន្តរបស់ជនសង្ស័យបើកបរក្នុងល្បឿនលឿន បានបើករេចង្កូតធ្លាក់ផ្លូវ និងបានបុកបង្គោលភ្លើងថ្ម។ ខណៈនោះកម្លាំងសមត្ថកិច្ចយើងបានចូលទៅព័ទ្ធរថយន្ត បង្កឱ្យមានការផ្ទុះអាវុធជាច្រើនគ្រាប់ ហើយរំដោះបានជនរងគ្រោះ១នាក់ ភេទប្រុស ជនជាតិចិន (ដោយគាត់បានលូនចេញពីក្នុងរថយន្ត លើកដៃក្រាបក្បែររថយន្តដោយដៃមានជាប់ខ្នោះ។ ដោយជនរងគ្រោះ និងជនសង្ស័យ៣នាក់ផ្សេងទៀតរបួសធ្ងន់ធ្ងរ កម្លាំងសមត្ថកិច្ចរបស់យើង បានបញ្ជូនជនរងគ្រោះ១នាក់ និងជនសង្ស័យ១នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែកជនសង្ស័យ២នាក់ទៀតបានស្លាប់នឹងកន្លែង។ ក្នុងនោះ ជនសង្ស័យ១នាក់ ដែលបញ្ជូនទៅសង្គ្រោះ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

សូមជម្រាបជូនបន្ថែមថាជនរងគ្រោះ មានចំនួន ៣នាក់៖
-ជនជាតិ ខ្មែរ ១ នាក់ ប្រុស (ជាអ្នកបើកបរ)
-ជនជាតិចិន ២ នាក់ ប្រុស (ស្លាប់នៅកន្លែងកើតហេតុ១នាក់ និងរបួសធ្ងន់១នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ)។

ដោយឡែកជនសង្ស័យមានចំនួន ៣នាក់ ជាជនជាតិចិន ស្លាប់ទាំង៣នាក់។
ករណីខាងលើនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពុងធ្វើការស្រាវជ្រាវបន្ត។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម