អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ គិតមកដល់បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណជា៥០ភាគរយហើយ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែមិថុនា ឆ្នាំ2022 ម៉ោង 2:21 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុញពិនិត្យការដ្ឋានការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមជម្រាបជូនថាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣មានសមត្ថភាពចម្រោះទឹកកខ្វក់បាន២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ គិតមកដល់បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណជា៥០ភាគរយហើយ។ តាមបទពិសោធន៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ ដែលបានសាងសង់ និងដាក់ឱ្យដំណើរការក្រោមស្តង់ដារក្រសួងបរិស្ថាន ដែលបានអនុញ្ញាតឱ្យទឹកដែលចម្រោះរួចបង្ហូរចូលសមុទ្រ ដែលមានសុវត្ថិភាពដល់ជីវចម្រុះក្រោមបាតសមុទ្រ។

ការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១-សំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ និងដំណាក់កាលទី២-ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក បន្តប្រហែល ៣ ទៅ ៤ខែបន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់។

ក្នុងឱកាសចុះពិនិត្យសកម្មភាពការងារសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ទោះបីមានភ្លៀងយ៉ាងណាក៏ដោយ ក៏ក្រុមការងារនៅតែបំពេញការងារយ៉ាងមមាញឹក។

ជាមួយគ្នានេះ ឯកឧត្តមបានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវបង្កើនសកម្មភាពការងារឱ្យកាន់តែលឿនបន្ថែមទៀត ដើម្បីឱ្យការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣របស់យើងបានឆាប់រួចរាល់តាមផែនការគ្រោងទុក ប្រកបដោយគុណភាពតាមស្តង់ដារបច្ចេកទេស និងធានាបានការប្រើប្រាស់យូរអង្វែង សម្រាប់ជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម