សម្ដេចក្រឡាហោម ស ខេង សម្រេចអោយរដ្ឋបាលខេត្តបាត់ដំបង អនុវត្តន៍កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី29 ខែឩសភា ឆ្នាំ2022 ម៉ោង 12:36 នាទី ល្ងាច

ខេត្តបាត់ដំបង! កាលពីរសៀលថ្ងៃចុងសប្តាហ៍កន្លងទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងបាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយក្រោយចុះពិនិត្យតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកឯកភ្នំ ។

កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងនិងស្រុកទាំង៣នៃខេត្តបាត់ដំបង អភិបាលនិងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្រុក កងកម្លាំង ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះការអញ្ជើញចូលរួមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម អស់លោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធដែលបានរួមដំណើរជាមួយសម្ដេច ចុះទៅកាន់តំបន់បឹងទន្លេសាប ក្នុងស្រុកទាំង៣នៃខេត្តបាត់ដំបងដើម្បីបំពេញភារកិច្ចបំរើជាតិ បំរើប្រជាជន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីឱ្យការអភិរក្សបឹងទន្លេសាបដើរទន្ទឹមគ្នានឹងការគិតគូពីជីវភាពប្រជាពលរដ្ឋ។

ឆ្លងកាត់កិច្ចប្រជុំដែលមានការលើកយោបល់ និងពិភាក្សាគ្នាយ៉ាងផុសផុលពីសំណាក់ឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅសាលាខេត្តបាត់ដំបងរួចមក សម្ដេចក្រឡាហោម បានប្រគល់ភារកិច្ចពាក់ព័ន្ធនឹងការអនុវត្តន៍ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ ជូនរដ្ឋបាលខេត្តបាត់ដំបង ក្នុងការដឹកនាំមន្ត្រី និងក្រុមការងារបច្ចេកទេស ចាប់ផ្ដើមបំពេញភារកិច្ចទៅតាមជំនាញ និងតាមគោលការណ៍ណែនាំរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម