ឯកឧត្តម សុខ លូ បន្តជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជាង០១ពាន់នាក់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី19 ខែឩសភា ឆ្នាំ2022 ម៉ោង 8:24 នាទី ព្រឹក

ខេត្តបាត់ដំបង! កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាត់ដំបង បានបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ចំនួន ១,៥០៥នាក់ ដែលរៀបចំធ្វើឡើងនៅទីតាំង០២ផ្សេងគ្នា ដែលក្នុងនោះនៅផ្សារទំនើបភួពុយ ចំនួន ៧៥៥នាក់ និងនៅវត្តទួលដូនប៉ុក ចំនួន ៧៥០នាក់ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ដែលសម្ដេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងជានិច្ច និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ចូរថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត រស់នៅស្អាត និងពិសារទឹកស្អាត និងត្រូវបន្តសំអាតបរិស្ថានសណ្ដាប់ធ្នាប់តាមផ្ទះឱ្យស្អាតជានិច្ច ហើយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ។

ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមថែរក្សាសន្ដិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចខិតខំស្វែងរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីប្រទេសមានសុខសន្ដិភាព ហើយបើសិនជារក្សាបាននូវសុខសន្ដិភាពនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានការរីកចម្រើន អភិវឌ្ឍន៍ឈានទៅមុខបន្តទៀត ជាពិសេសនឹងក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៥០ខាងមុខនេះ ។

ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬដូសជំរុញរួចរាល់ សូមរួសរាន់ទៅបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ក្រោយរយៈពេល៣-៤ខែបន្ទាប់ពីចាក់ដូសទី៣រួចរាល់ នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅជិតផ្ទះប្រជាពលរដ្ឋរស់នៅ ឬអាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩បានភ្លាមៗ ដោយរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការរៀបចំក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីកន្លែងសំណេះសំណាលផ្ទាល់តែម្ដង ដោយប្រជាពលរដ្ឋមិនពិបាកវិលត្រឡប់មកចាក់សារជាថ្មីម្ដងទៀត ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម