បើកការដ្ឋានសាងសង់សួនថ្មី”ប៉ោយប៉ែតតេជោ ឈ្នះឈ្នះ” នៅចន្លោះផ្លូវរថភ្លើង និងផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី19 ខែឩសភា ឆ្នាំ2022 ម៉ោង 8:17 នាទី ព្រឹក

(បន្ទាយមានជ័យ)៖ ឯកឧត្តមប៉ាន់ខែ ប៊ុនថន នាយករងឧទ្ធកាល័យសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារឧទ្ធកាល័យ រួមទាំងអាជ្ញាធរក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២នេះ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ សួន”ប៉ោយប៉ែត តេជោឈ្នះឈ្នះ” នៅចន្លោះផ្លូវរថភ្លើង និងផ្លូវជាតិលេខ៥ត្រង់ចំណុចមុខភោគនីយ៍ដ្ឋាន អង្គរជាយដែន ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា សួន “ប៉ោយប៉ែត តេជោឈ្នះឈ្នះ” មានប្រវែង ជាង២៥០ម៉ែត្រ ទំហំជាងជិត៣០ម៉ែត្រ ត្រូវចំណាយថវិកាសរុប៥៦,០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោក រួមជាមួយសប្បុរជនផងដែរ។ លោកបានបញ្ជាក់ថា ទីតាំងដែលធ្វើសួននេះ ដើមឡើយគឺជាទីតាំងសំណង់មិនរៀបរយ ប៉ុន្តែក្រោយមកអាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំ និងសម្របសម្រួលផ្ទាល់ពី ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន នាយករងឧទ្ធកាល័យសម្តេចតេជោ និងលោកយ៉ា គីមហ៊ុយ ជាអាជីវករ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងមានការសហការពីប្រជាពលរដ្ឋព្រមទទួលយកការដោះស្រាយព្រមរុះរើ អាជ្ញាធរក៏បន្ថែម ជូនដីស្របច្បាប់មួយកន្លែងទៀត ទៅរស់នៅក្នុងចំណុចអភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅក្នុងស្រុកម៉ាឡៃ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងអភិវឌ្ឍន៍ក្រោយពេលដោះស្រាយបញ្ចប់វិវាទដ៏រ៉ាំរ៉ៃតាម តាមគោលនយោបាយ ឈ្នះឈ្នះ ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា ការស្ថាបនាសួន”ប៉ោយប៉ែតតេជោឈ្នះឈ្នះ” ជាសមិទ្ទិផលថ្មីស្រឡាងមួយក្នុងចំណោមសទ្ធិផលនានា នៅក្នុងទីក្រុងប៉ោយប៉ែត សួន"ប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ" នឹងធ្វើឲ្យទីក្រុងប៉ោយប៉ែត មានប្រជាប្រិយភាព សោភ័ណភាព លើកមុខលើកមាត់ ក្រុងប៉ោយប៉ែត ដែលជាក្រុងមួយកំពុងមានឈ្មោះបោះសម្លេង ជាក្រុងមួយដែលមានសក្តានុពលមួយដ៏សំខាន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីជាទីលំហែរបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមបញ្ជាក់ថា ប្រទេសយើងមានការអភិវឌ្ឍន៍ និងមានសន្តិភាពនេះ ដោយសារយើងមានប្រមុខថ្នាក់ដឹកនាំដ៏ឈ្នាសវៃ ដ៏អស្ចារ្យ គឺសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែរួមសុខរួមទុក្ខជាមួយយើងគ្រប់បែបយ៉ាងទាំងអស់ ខិតខំប្រឹងប្រែងដឹកនាំប្រទេសដើម្បីធ្វើឲ្យមានភាពរីកចម្រើន មានមុខមាត់លើឆាកអន្តរជាតិ មានសុខសន្តិភាពពេញលេញ ធ្វើឲ្យយើងរស់នៅដោយភាពសប្បាយរីករាយ រស់នៅជុំក្រុមគ្រួសារ និងរស់នៅដោយមានសិរីភាពផងដែរ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម