កសិករចាប់អនុវត្តន៍ការបង្កបង្កើនផលស្រូវដើមរដូវវស្សាឆ្នាំនេះ បានជិត១២ភាគរយហើយខេត្តត្បូងឃ្មុំ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី09 ខែឩសភា ឆ្នាំ2022 ម៉ោង 3:27 នាទី ល្ងាច

 

ខេត្តត្បូងឃ្មុំៈ នៅដើមរដូវវស្សាឆ្នាំនេះ កសិករចាប់ភ្ជួររាស់ដី ដើម្បីបង្កបង្កើនផលស្រូវចំនួន៣ប្រភេទ គឺមានស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ បានជិត១២ភាគរយហើយ គិតត្រឹម ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ។

 បងស្រី ផាន់ អ៊ាន អាយុ៥៨ឆ្នាំ រស់នៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា គ្រួសារគាត់ ក៏ដូចកសិករក្នុងភូមិដែរ គឺនិយមដាំស្រូវរំដួលណាស់ ព្រោះវាបរិភោគមានរសជាតិឆ្ងាញ់ មានទីផ្សារលក់ដូរស្រួល ក្នុងចំណោមប្រជាពលរដ្ឋជាង៣០០គ្រួសារ គឺពី៦០ទៅ៧០ភាគរយដែលបានដាំស្រូវរំដួលនេះ ។ ហើយឆ្នាំនេះ អាកាសធាតុ មិនសូវអំណោយផលទេ ដោយមិនសូវមានភ្លៀង គាត់បានសាបព្រួសស្រូវចំនួន២ដងរួចមកហើយ តែ ស្រូវមិនសូវដុះសោះ មូលហេតុ មេឃក្តៅពេក ។ ចំពោះពូជស្រូវនេះក្នុង១គីឡូក្រាមតម្លៃ ២៥០០ ទៅ ៣០០០រៀល ក្នុងដីទំហំ ៣០អា អាចប្រើពូជ៥០គីឡូក្រាមផងដែរ ។

 លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្ត បានបញ្ជាក់ឲ្យដឹងដែរថា កសិករក្នុងខេត្តត្បូងឃ្មុំរបស់យើង លោកបានដាំដូចជា ពូជស្រូវ ៥១.៥៤.៤៩ សែនពិដោរ និងស្រូវរំដួល ហើយក៏មានពូជស្រូវក្នុងស្រុកផងដែរ ។ ចំពោះការបង្កបង្កើនផលរដូវវស្សាឆ្នាំនេះ កសិករអនុវត្តភ្ជួររាស់សម្រេច បាន ៨ ៨០០ ហិកតា ស្មើនឹង ១១,៥២%នៃផែនការដាំដុះ និងដាំដុះស្រូវវស្សាសម្រេចបាន ៥ ៦៤៥ហិកតា ស្មើនឹង ៧,៣៩% នៃផែនការដាំដុះស្មើនឹង ៦៤,១៥% នៃផ្ទៃដីភ្ជួររាស់ ក្នុងនោះស្រូវស្រាល បានចំនួន ២ ៥៧៥ហិកតា ស្រូវ កណ្តាលបានចំនួន ២ ១៥០ហិកតា និងស្រូវ ធ្ងន់បានចំនួន ៩២០ហិកតា ។

 លោក ប្រធានមន្ទីរបានបន្ថែមឲ្យដឹងទៀតថាក្នុងចំណោម៧ស្រុក/ក្រុង នៃខេត្តត្បូងត្បូងឃ្មុំមាន២ស្រុកដែលបានភ្ជួររាស់ដីបង្កបង្កើនផលស្រូវបានច្រើនជាងគេ គឺស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ហើយរាល់ការដាំដុះកម្លាំងមន្ទីរតែងចុះណែនាំ ផ្តល់បច្ចេកទេស ការប្រើប្រាស់ជី ការកំចាត់សត្វល្អិត និងការជ្រើសរើសពូជ ព្រមទាំងបាន ផ្សព្វផ្សាយដល់កសិករយើងជានិច្ច ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម