ខេត្តកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើសនេសាទនិង បន្តធ្វើដូចជាភ្លៀងរលឹម.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី26 ខែមិីនា ឆ្នាំ2022 ម៉ោង 10:02 នាទី ព្រឹក

 

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែមិនានេះ គឺជាថ្ងៃទី២ ហើយដែលកិច្ចប្រតិបត្តិការជាយ៉ាងក្តៅគគុករបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងក្នុងការបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេ ។

នៅថ្ងៃនេះផងដែរ ដោយទទួលបទបញ្ជាពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋ អភិបាលខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចម្រុះ ប្រមាណជាង៧០នាក់ ដឹកនាំដោយ ឯកឧត្តម សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ នានា ក្នុងខេត្តកំពង់ឆ្នាំង ។

តាមការបញ្ជាក់ពី លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ ថ្ងៃនេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចម្រុះ ចំនួន៧៨នាក់ក្នុងនោះ មន្ត្រីកសិកម្ម និងជលផលចំនួន២៨នាក់ កម្លាំងស្នងការនគរបាលខេត្តចំនួន២៧ នាក់និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកទាំង៣ចំនួន២៣នាក់ ដោយបានប្រើប្រាស់មធ្យោបាយ ការណូតចំនួន១៨ គ្រឿង ចែកចេញជា៣គោលដៅ គឺគោលដៅភូមិសាស្ត្រស្រុកជលគិរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌ ។

ជាលទ្ធផលនៃការបង្ក្រាបថ្ងៃនេះ មាន៖ បំផ្លាញចោលនៅនឹងកន្លែង៖ របាំងសាច់អួនចំនួន ១២ កន្លែងមានប្រវែង៨០០ ម៉ែត្រ, បង្គោល ៤៥០ដើម លបសាច់អួន ១៥លប។ រុះរើសម្រាស់ ចំនួន៣១ កន្លែង ស្មើនឹង ៨៥០ ម៉ែត្រការ៉េ បង្គោលចំនួន ៤៣៥ ដើម មែកសម្រាស់ ចំនួន ៧៥០មែក និង រឹបអូសសាច់អួនចំនួន៣វង់ក្នុង១វង់ៗមានប្រវែង ៦០ ម៉ែត្រ ដែលមានជម្រៅ៥ម៉ែត្រ និងមានក្រឡាទំហំ ២ហ៊ុនកន្លះ 

គួររំលឹកដែរថា៖ ក្រោយពីអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ស្ដីពីបទល្មើសនេសាទកាលពីពេលថ្មីៗ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទរយៈពេល ២ថ្ងៃជាប់គ្នាគឺថ្ងៃទី ២៤ និង ២៥មីនា 

ហើយបើតាមការបញ្ជាក់ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ នឹងបន្តធ្វើដូចភ្លៀង រលឹមលុះត្រាតែបទល្មើសនេសាទអស់ពីក្នុងទន្លេសាប៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម