កម្មវិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា នៅខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែមិីនា ឆ្នាំ2022 ម៉ោង 11:08 នាទី ព្រឹក

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានរៀបចំកម្មវិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា នៅខេត្តព្រះសីហនុ ក្រោមវត្តមានលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុឲ្យដឹងថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១០-២០២៥ និងកំណត់យកខេត្តព្រះសីហនុ ជាប៉ូលមួយ ក្នុងចំណោមប៉ូលអាទិភាពសំខាន់ៗទាំង ០៤ នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិផ្អែកលើសក្កានុពល ដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិដ៏ស្រស់ស្អាត ។

  លោក ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត តំណាងឲ្យប្រជាពលរដ្ឋទាំងអស់បានគាំទ្រ និងចូលរួមចំណែកលើកទឹកចិត្តដល់ប្អូនៗយុវជន ជាពិសេសប្អូនៗ សិស្សានុសិស្ស ប្រជាពលរដ្ឋម្ចាស់អាជីវកម្មគ្រឹះស្ថានរោងចក្រ សហគ្រាសនានាបន្តយកចិត្តទុកដាក់ ឱ្យកាន់តែខ្លាំងបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការរីកចម្រើននៃសង្គមជាតិយើង ។

លោកបន្តថា ដើម្បីឲ្យទិវាជាតិទីក្រុងស្អាតលើកទី១០ នេះប្រព្រឹត្តទៅប្រកបដោយជោគជ័យជាពិសេសឈានទៅដណ្ដើមជ័យលាភីទីក្រុងស្អាតផ្ការំដួល ៣ទងលើកទី៣ និងជ័យលាភីឆ្នេរស្អាតនាចុងឆ្នាំ២០២២ និងចូលរួមនៅក្នុងយុទ្ធនាការកម្ពុជា ស្អាតឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ហើយខេត្តព្រះសីហនុយើងក៏ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៨ នៅចុងឆ្នាំ ២០២២ ក៏ដូចជាចូលរួមរៀបចំ នូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខជាបន្តបន្ទាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម