មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការជាតិសន្តិសុខលំហរសមុទ្រមួយរូប ក្លែងឯកសារចូលកាន់កាប់ដីអ្នកដទៃជាង៤២ហិកតា នៅកែវផុស.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី18 ខែធ្នូ ឆ្នាំ2021 ម៉ោង 8:59 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការរងនៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហរសមុទ្រ ត្រូវបានប្រជាពលរដ្ឋប្ដឹងចោទប្រកាន់ ថា បានប្រើប្រាស់អំណាច ប្រើប្រាស់នូវអំពើហិង្សា និង ក្លែងឯកសារ រួចចូលទៅទន្ទ្រានកាន់កាប់ ដីទំហំ៤២ហិកតា យ៉ាងកម្រោល ដោយមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះឡើយ

យោងតាមរបាយការណ៍មួយ របស់ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ បានបង្ហាញថា លោក លី ហួត និង ឈ្មោះ ណាប់ សឿន បានប្រើប្រាស់ឯកសារក្លែង ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ

យោងតាមលោក លីម ងួន ដែលជាជនរងគ្រោះហើយបានប្ដឹងសុំអន្តរាគមន៍ទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបរាប់ថាលោកបានប្រមូលទិញដីពីប្រជាពលរដ្ឋដែលស្ថិតនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការដឹងឮនិងទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរ បានចុះហត្ថលេខាលើលិខិតត្រឹមត្រូវតាមផ្លូវច្បាប់

លោក លីម ងួន មានលិខិតស្នើសុំកាន់កាប់និងប្រើប្រាស់ដីធ្លី មិនដែលមានបញ្ហាអ្វីឡើយ ស្រាប់តែឆ្នាំ២០២០ លោក លី ហួត និងបក្ខពួក បានមកឈូសឆាយទន្ទ្រានយកដីនិងបោះបង្គោលរបងព័ទ្ធយកដីរបស់លោក លីម ងួន តែម្តង

លោក លីម ងួន រៀបរាប់ទៀតថា ពេលនោះលោកបានទៅដកបង្គោលរបងហើយប្រគល់បង្គោលរបងនោះឲ្យទៅប៉ុស្តិ៍នគរបាលកែវផុស ប៉ុន្តែក្រោយមក លោក លី ហួត និង បក្ខពួក ក៏បាននាំប៉េអឹម២នាក់ មកគំរាមកំហែងឈូសឆាយនិងទន្ទ្រានយកដីរបស់លោកលីម ងួន បន្តទៀត

 

នៅទីបំផុត លោក លី ហួត និង បក្ខពួក បែរជាបានប្ដឹងលោក លីម ងួន ទៅតុលាការខេត្តព្រះសីហនុ ពីបទកំហែងយក គំរាមកំហែងធ្វើឲ្យខូចខាតដោយចេតនា លួចលក់អចលនវត្ថុអ្នកដទៃនិងសមគំនិតក្លែងបន្លំឯកសារដើម្បីលក់អចលនវត្ថុអ្នកដទៃ ទៅវិញ

 

បញ្ហានេះ លោក លីម ងួន បានបានស្នើសុំឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជួយរកយុត្តិធម៌ ដល់រូបលោកផង

បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់លោក លីម ងួន រួចមក ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះស្រាវជ្រាវដោយផ្ទាល់ រហូតចេញរបាយការណ៍មួយ ដែលបានធ្វើសេចក្ដីសន្និដ្ឋានថា «លោក លីម ងួន ពិតជាម្ចាស់ដីមានលិខិតស្នើសុំកាន់កាប់និងប្រើប្រាស់ដីធ្លី ហើយមានការដឹងឮនិងទទួលស្គាល់ពីអាជ្ញាធរភូមិឃុំពិតប្រាកដមែន»

 

ដោយឡែកឯកសារដែលស្នើសុំកាន់កាប់និងប្រើប្រាស់ដីធ្លីរបស់លោក លី ហួត និង ឈ្មោះ ណាប់ សឿន គឺ ជាលិខិតក្លែងដោយមានការអះអាងរបស់លោកអតីតមេឃុំកែវផុសនិងអតីតមេភូមិរិទ្ធី២

 

ករណីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងធ្វើលិខិតអន្តរាគមន៍ទៅសាលាដំបូងខេត្តព្រះសីហនុ សុំឱ្យពិចារណាលើសំណុំរឿងនេះដើម្បីផ្តល់យុត្តិធម៌ជូនគូភាគី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម