ចាប់ផ្តើមប្រើវិធានការក្តៅហើយ! អាជ្ញាធរ ចុះវាយកម្ទេចសំណង់ដែលសង់បំពានដីរដ្ឋនៅព្រែកក្បាលរមាស ខេត្តកំពត មិនព្រមរុះរើតាមការស្ម័ក្រចិត្ត

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី14 ខែធ្នូ ឆ្នាំ2021 ម៉ោង 2:13 នាទី ល្ងាច

កំពត៖ ដោយសារការមិនចូលរួមជាមួយអាជ្ញាធរខេត្ត តាមកាលកំណត់ និងតាមការស្ម័គ្រចិត្ត ក្នុងការរុះរើសំណង់ និងកាយអាចម៌ដីចេញពីព្រែកក្បាលរមាស ដោយម្ចាស់សំណង់បានរំលោភយកដីចំណីព្រែកនោះ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានប្រើគ្រឿងចក្រវាយកម្ទេចសំណង់ ព្រមទាំងកាយអាចម៌ដីចេញពីក្នុងព្រែកក្បាលរមាស ស្ថិតនៅឃុំជុំក្រៀល ស្រុកទឹកឈូ ដែលជនខិលខូចព្យាយាមសាងសង់លើចំណីព្រែក និងចាក់ដីលុបបំណងយកធ្វើជាកម្មសិទ្ធិ។

លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បានបញ្ជាក់ថា នៅទីតាំងនេះ អាជ្ញាធរបានជូនដំណឹងជាច្រើនលើកមកហើយ ដោយតម្រូវឱ្យអ្នកប៉ុនប៉ងកាន់កាប់ដីរបស់រដ្ឋ ត្រូវរុះរើសំណង់ និងកាយអាចម៌ដីចេញពីព្រែកវិញ ហើយឱសានវាទនៃការជូនដំណឹងចុងក្រោយ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ ដោយសារអ្នកប្រព្រឹត្តមិនបានអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ ទើបថ្ងៃនេះក្រោមបទបញ្ជាពី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងមានតំណាងអយ្យការអមសាលាដំបូងខេត្តកំពតចូលរួមផងដែរ ហើយកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះរុះរើសំណង់សង់លើចំណីព្រែក ដែលធ្វើឡើងដោយជនខិលខូចចំនួន ២នាក់ ព្រមទាំងកាយអាចម៌ដីដែលបានចាក់ចូលព្រែកចេញវិញ។ 

បន្ទាប់ពីបានអនុវត្តនៅទីនោះរួចមក រដ្ឋបាលខេត្តនឹងបន្តបង្ក្រាបគ្រប់ទីតាំង ដែលបាននិងកំពុងបំពានយកដីរដ្ឋ ក្នុងបំណងកាន់កាប់ជាកម្មសិទ្ធិបន្តទៀត។ សេចក្តីជូនដំណឹងទាក់ទងនឹងបញ្ហានេះ នឹងធ្វើឡើងសម្រាប់ទីតាំងដែលកំពុងបំពានលើដីសាធារណៈរបស់រដ្ឋជាបន្តបន្ទាប់ទៀត។ ក្នុងករណីម្ចាស់មិនអនុវត្តតាម រដ្ឋបាលខេត្តនឹងចាត់វិធានការដូចគ្នានេះដែរ និងបានអំពាវនាវឱ្យពលរដ្ឋថា ដើម្បីបញ្ចៀសការខាតបង់ផ្សេងៗ អ្នកដែលកំពុងសាងសង់សំណង់គ្រប់ប្រភេទលើដីរបស់រដ្ឋ ត្រូវផ្អាកសកម្មភាពជាបន្ទាន់ ព្រោះដីសាធារណៈត្រូវតែរក្សាឱ្យនៅជាទ្រព្យសម្បត្តិរបស់រដ្ឋ ដោយមិនអាចនរណាម្នាក់យកទៅកាន់កាប់បានឡើយ។

ជាមួយគ្នានេះដែរ លោក នៃ គង់ អភិបាលរងខេត្តកំពតទទួលបន្ទុកកិច្ចការឆ្នេរ ក៏បានបញ្ជាក់ដែរថា ទីតាំងដែលរដ្ឋបាលខេត្តចុះរុះរើនាពេលនេះ ពាក់ព័ន្ធនឹងច្បាប់ស្តីពី ដីចំណីព្រែក ចំណីទន្លេ ដែលភូមិបាលបានកំណត់រួចរាល់ហើយ។

ចំណែក លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ ក៏បានឱ្យដឹងដែរថា ពេលឃើញមានការសាងសង់នៅទីនោះ រដ្ឋបាលស្រុកបានហាមឃាត់ និងឱ្យអ្នកធ្វើនោះផ្អាកតាំងពីដើមឆ្នាំ២០២០ ពោលគឺ ពេលចាប់ផ្តើមបោះបង្គោលរបងឈើម្ល៉េះ។ ប៉ុន្តែក្រោយអាជ្ញាធរឃុំតម្រូវឱ្យដកបង្គោលឈើចេញ ស្រាប់តែជននោះចាក់ដីលុបចូលដល់ព្រែក និងប្រើគ្រឿងចក្របុកបង្គោលបេតុងលួចធ្វើរបងថ្មតែម្តង។ ទោះជាអាជ្ញាធរស្រុកបានចេញសេចក្តីជូនដំណឹងឱ្យរុះរើរបង និងកាយអាចម៌ដីចេញពីព្រែកជាច្រើនលើកហើយក៏ដោយ ក៏អ្នកប្រព្រឹត្តមិនព្រមអនុវត្តតាមដែរ។ ដោយសារខ្វះទាំងមធ្យោបាយ និងកម្លាំងសម្រាប់រុះរើសំណង់ដ៏ធំធេងបែបនេះ អាជ្ញាធរស្រុកក៏ធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្តរហូតមានចំណាត់ការនាពេលនេះ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម