អាគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងសួនច្បារ ៧មករា របស់សម្ដេចតេជោ ហ៊ុន សែន នៅខេត្តព្រះសីហនុ នឹងស្ថាបនារួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី14 ខែធ្នូ ឆ្នាំ2021 ម៉ោង 1:55 នាទី ល្ងាច

 

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើល និងពន្លឿនឱ្យការស្ថាបនាអាគាររបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទំហំបណ្ដោយ ៩០ម៉ែត្រ និងទទឹង ៣៣ម៉ែត្រ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចគិតគូរអំពីសុខមាលភាពប្រជាពលរដ្ឋជាពិសេស អ្នកដែលបានកើតនូវជំងឺកូវីដ-១៩ មានអាគារសម្រាកព្យាបាលដ៏ធំទូលាយ និងមានបរិយាកាសល្អងាយស្រួលក្នុងការសម្រាកព្យាបាលដល់អ្នកជំងឺ។ លោកក៏បានជំរុញដល់ក្រុមការងារសាងសង់ត្រូវពន្លឿនធ្វើយ៉ាងណាឱ្យការស្ថាបនាបានឆាប់រួចរាល់ និងដាក់ដំណើរការព្យាបាលជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកវិនិយោគ អ្នកប្រកបអាជីវកម្មក្នុងខេត្តព្រះសីហនុ ដែលបានកើតជំងឺកូវីដ-១៩ មានកន្លែងសម្រាកព្យាបាល ជូនពួកគាត់មានភាពងាយស្រួល។

ក្នុងពេលនោះដែរ លោក គួច ចំរើន ក៏បានចុះពិនិត្យមើលការស្ថាបនាសួនច្បារ ៧មករា និងសួនច្បាររង្វង់មូលកូនសោ ដែលក្រុមការងារ បាននិងកំពុងមម៉ាញឹកស្ថាបនា ដោយធ្វើយ៉ាងណាឱ្យបានឆាប់រួចរាល់ក្នុងពេលឆាប់ៗខាងមុខ ជាពិសេសនៅបំណាច់ឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ខាងមុខ។ ទន្ទឹមនឹងនេះ ការស្ថាបនាត្រូវមានគុណភាពទៅតាមប្លង់ប្រព័ន្ធផងដែរ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ជាពិសេស ដើម្បីសោភ័ណភាពរបស់ក្រុងព្រះសីហនុខណៈពេលដែលការរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អស្អាត សួនច្បាររង្វង់មូល តោពីរ សួនទីលានសម្ដេចតេជោ និងតាមតំបន់ឆ្នេរ បានរៀបចំស្អាតល្អ។ ដូចនេះ រដ្ឋបាលខេត្តនឹងបន្តការស្ថាបនាសួនច្បារផ្សេងៗទៀត ដែលមិនទាន់បានរួចរាល់ ដើម្បីឱ្យក្រុងព្រះសីហនុកាន់តែមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ មកលេងកាន់តែច្រើនថែមទៀត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម