កំពង់ស្ពឺ៖ ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅ ទីតាំងក្រុមហ៊ុនផលិតដំណាប់ស្វាយយីហោ រីចហ្វាមអេស៊ាឯ.ក ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានឈានដល់ការចាប់ខ្លួនមនុស្សជាង ១០នាក់ និងរឹបអូសគ្រឿងញៀនជាង ១៤០០ គីឡូក្រាម និងរកឃើញសារធាតុគីមីសម្រាប់ផ្សំគ្រឿងញៀនប្រមាណ ៨០តោន នៅក្នុងទីតាំងក្រុមហ៊ុន។
តាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហកាបង្ក្រាបឈ្មួញកែច្នៃគ្រឿងញៀនដ៏ធំ និងឈានដល់ការផ្ទុះអាវុធតដៃគ្នាជាមួយជនសង្ស័យបណ្តាលឱ្យម្នាក់ស្លាប់ និងចាប់ខ្លួនជនសង្ស័យចំនួន២នាក់ នៅនឹងកន្លែង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
ក្រោយឃាត់ខ្លួនជនសង្ស័យ២នាក់ ក៏បានសារភាពនូវទីតាំងដែលពួកគេដឹកចេញជាកន្លែងផលិត និងកែច្នៃគ្រឿងញៀននៅក្នុងរោងចក្រផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុនចិនឈ្មោះ រីចហ្វាមអេស៊ាង.ក ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយបានរកឃើញ និងរឹបអូសគ្រឿងញៀន ម្សៅសសង្ស័យកេតាមីន(KE- TAMIN) ចំនួន ៧៤ការ៉ុង ដោយក្នុង១ការ៉ុងមានចំនួន ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក, អាវុធខ្លីម៉ាក K៥៤ ១ដើម និងរថយន្តចំនួន ២គ្រឿង សារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ។ ជនសង្ស័យទាំង ៣នាក់ ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ ស្លាប់ពេលផ្ទុះអាវុធដាក់សមត្ថកិច្ចុ, ឈ្មោះ LY POHAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបររថយន្តដឹកគ្រឿងញៀន) និងទីឈ្មោះ LY POHAN ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (ជាអ្នកគ្រប់គ្រងកន្លែងកៃច្នៃគ្រឿងញៀន)។
សូមបញ្ជាក់ថា ក្រោយការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានចុះទៅទីតាំងផលិតគ្រឿងញៀន ក៏ឈានដល់ការចាប់ខ្លួនមនុស្សជាង ១០នាក់បន្ថែមទៀត ដែលស្នាក់នៅទីតាំងផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុនចិននោះ និងរឹមអូសថ្នាំញៀនប្រភេទ(កេតាមីន) ចំនួន ១៤៨០គីឡូក្រាម ក្នុងនោះក៏បានរកឃើញសារធាតុគីមីសម្រាប់ផ្សំកែទៅជាគ្រឿងញៀនប្រមាណ ៨០តោន រួមនឹងឧបករណ៍ផលិត កែច្នៃមួយចំនួនទៀត។
ចំពោះមនុស្សទាំងជាង ១០នាក់ ដែលត្រូវបានចាប់ខ្លួន សមត្ថកិច្ចកំពុងសាកសួរ ដើម្បីជាមូលដ្ឋានក្នុងការស្រាវជ្រាវបន្ត។ ចំណែកគ្រឿងញៀនសរុប ១៤៨០គីឡូក្រាម ដែលជាភស្តុតាង ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីបន្តនិតិវិធី ៕