ជនណាដែលមានចេតនា ប៉ុនប៉ងបំភ្លេចបំផ្លាញធ្វើឱ្យខូចខាត បាត់បង់ទ្រព្យ សម្បត្តិសាធារណៈ នឹងជាប់បណ្តាសារបស់សិលាបដ្តបណ្តាសា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី30 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 11:47 នាទី ល្ងាច

ខេត្តព្រះសីហនុៈសិលាបដ្តបណ្តាសា សាបសិលា និងសិលាចាំស្នេហ៍ ស្ថិតនៅតាមបណ្តោយឆ្នេរអូរឈើទាល និងឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ នឹងក្លាយទៅជាសម្បត្តិសាធារណះ នឹងជាកន្លែងដ៏ស័ក្កសិដ្ឋ ក្នុងការដាក់បណ្តាសាសម្រាប់ជនទាំងឡាយណា ដែលមានចេតនា ប៉ុនប៉ងបំភ្លេចបំផ្លាញធ្វើឱ្យខូចខាត បាត់បង់ទ្រព្យ សម្បត្តិសាធារណៈរបស់យើងទាំងអស់នេះ។

ថ្លែងក្នុងពិធីប្រតិស្ឋអធិដ្ឋានសិលាបដ្តបណ្តាសា សាបសិលា និងសិលាចាំស្នេហ៍នាល្ងាចថ្ងៃអង្គារថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថាការតម្កល់ សិលាចារឹកបណ្តាសា នៅតាមឆ្នេរខេត្តព្រះសីហនុ ជាប្រការមួយដែលបង្ហាញពីភាពម៉ឺងម៉ាត់របស់រដ្ឋ ប្រកាសប្រាប់ដល់សាធារណជនបានជ្រាបអំពីការគិតគូដល់ប្រយោជន៍សាធារណៈដែលកន្លងមកតែងមានការកេងប្រវញ្ច រំលោភបំពាន ធ្វើឱ្យបាត់ទំនុកចិត្តពីប្រជាពលរដ្ឋ។ ម៉្យាងវិញទៀតដីឆ្នេរមួយភាគ ត្រូវបានទទួលមកវិញដោយការបរិច្ចាគពីម្ចាស់ទ្រព្យ ដែលបានបង្ហាញពីការចូលរួមដោយពេញលេញ ជាមួយនឹងការអភិវឌ្ឍសង្គម ហើយអ្នកទាំងនោះក៏តែងមានការព្រួយបារម្ភផងដែរ ដោយខ្លាចក្រែង ទ្រព្យទាំងនោះក្លាយជាកម្មសិទ្ធិរបស់អ្នកដទៃវិញ ទើបការសាងសិលាចារឹកបណ្តាសានេះ ធ្វើឡើងដើម្បីបង្ហាញពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់រដ្ឋ ដើម្បីបម្រើដល់ប្រយោជន៍មហាជន ។ ឯកឧត្តម អភិបាលខេត្តបន្តថា សមិទ្ធផលទាំងនេះផ្ដើមចេញពីការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទុកឱ្យកូនខ្មែរគ្រប់រូបចូលរួមថែរក្សា ការពារនូវសមិទ្ធផលទាំងអស់នេះឱ្យបានស្ថិតស្ថេរចិរកាលតរៀងទៅ៕

គួរបញ្ជាក់ផងដែរ យោងតាមវចនានុក្រមខ្មែរ ពាក្យបណ្តាសារ បានពន្យល់ថា ជាពាក្យផ្តន្ទា ពាក្យជេរប្រទេច ពាក្យសំបូងសង្រូងឱ្យគេវិនាសហិនហោច។ ពាក្យបណ្តាសានេះត្រូវនឹងពាក្យប្រើក្នុងសិលាចារឹក បុរាណថា គាប, សាប ឬ សាបថ ពាក្យនេះត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងសង្គមខ្មែរបុរាណ។ គេឃើញវត្តមានពាក្យបណ្តាសា  មាននៅក្នុងសិលាចារឹកបុរាណតាំងពីស.វ.ទី៧មក ហើយពាក្យ បណ្តាសានេះ ត្រូវបានប្រើយ៉ាងទូលំទូលាយបំផុត និងមានសិលាចារឹកជាច្រើនត្រូវបានបញ្ចប់ដោយពាក្យបណ្តាសា ដើម្បីថែរក្សារបស់ទ្រព្យសាធារណៈឱ្យគង់វង្ស និងគោរពដល់អ្នកដែលបាន បរិច្ចាគធនធាន និងកម្លាំងដើម្បីសាងរបស់នោះជាប្រយោជន៍ ទើបគេដាក់បណ្ដាសាដល់បុគ្គល ឬក្រុមណាដែលបំពានធ្វើឱ្យខូចប្រយោជន៍សាធារណៈ។ ប៉ុន្តែនៅសម័យបុរាណពាក្យថា គាប ឬ សាប ឬ សាបថ ដែលប្រែថាបណ្តាសា មិនមានតម្លៃស្មើនឹងពាក្យជេរប្រទេចផ្តាសានោះទេ តែមានតម្លៃជាក្រមសីលធម៌សង្គមនាសម័យកាលនោះតែប៉ុណ្ណោះ ហើយពាក្យបណ្តាសាត្រូវបានគេចារឹកឡើង ដើម្បីធ្វើជាសេចក្តីប្រកាសប្រាប់ដល់ជនានុជននានា កុំឱ្យប្រព្រឹត្តបំពានលើទ្រព្យសម្បត្តិសាធារណៈ ឬរបស់ប្រាសាទជាដើម ជាការប្រកាសដោយម៉ឺងម៉ាត់ ដាច់ខាត ប្ដឹងប្រាប់ដល់ធម្មជាតិ  មនុស្ស ទេវតា បារមី និងវត្ថុស័ក្តិសិទ្ធទាំងឡាយ ឱ្យបានដឹង និងជាការដាក់ទោសទណ្ឌតាមបែបធម្មជាតិបើសិនបុគ្គលណាដែលបំពាន ផ្ទុយទៅវិញ ក៏ឱ្យពរជ័យចំពោះនរជនណាដែលចូលរួមថែរក្សា អភិវឌ្ឍទ្រព្យសម្បត្តិសាធារណៈទាំងនោះ ឱ្យបានចម្រើនរុងរឿងគង់វង្សឡើងជាដរាបដែរ។ ពាក្យបណ្តាសាសម័យបុរាណ ត្រូវបានគេសសេរឡើងដើម្បីប្រកាសប្រាប់ឱ្យដឹងអំពីអំពើបាប ត្រូវលះបង់សូម្បីតែព្រះរាជាក៏ត្រូវអនុវត្តដូចជាប្រជាជនទូទៅដែរ។ ចំពោះអំពើបាបវិញ មិនមែនបាបតែអ្នកប្រព្រឹត្តនោះទេ អ្នករួមគំនិត ក៏ត្រូវទទួលបាបកម្មដែរ ក្នុងសិលាចារឹកមានបញ្ជាក់ដល់ម្តាយឪពុកក៏មានបាប ដោយមិនបានប្រៀនប្រដៅកូនឱ្យបានល្អ។ ចំពោះអ្នកដែលបំពាន នឹងត្រូវទទួលទោសទណ្ឌ គឺជាច្បាប់របស់ប្រទេសតាមផ្លូវលោក ហើយនឹងទទួលនូវអំពើបាបផ្សេងៗ ជាច្បាប់នៃសាសនាតាមផ្លូវព្រះធម៌ផងដែរ។ពិធីប្រតិស្ឋអធិដ្ឋាន សិលាបណ្តាសានៅពេលនេះ ជាការតាំង ឬតម្កល់ផ្ទាំងសិលាចារឹកដែលមាន ពាក្យផ្តន្ទា ចារឹកលើផ្ទៃផ្ទាំងសិលា ឱ្យស្ថិតនៅ ឱ្យតាំងនៅយូរអង្វែង កុំឱ្យសេចក្តីវិនាសទាំងឡាយ មានវិនាសដោយសារគេបំផ្លាញជាដើម និងតាំងជាវត្ថុស័ក្តិសិទ្ធិ យូរអង្វែងក្នុងទីឋាននេះ មិនឱ្យមានអ្នកលួច ឬអ្នកបន្លំ។

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម