លោក ឡុង ឌីម៉ង់ អះអាងថា ការគ្រប់គ្រងកាកសំណង់រឹងរាវ បានល្អគឺជាការអោយតម្លៃសេដ្ឋកិច្ចសង្គម

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី23 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 12:34 នាទី ល្ងាច

ខេត្តព្រះសីហនុៈ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខមាលភាពសាធារណៈយើងទាំងអស់គ្នា ចាំបាច់ត្រូវយកចិត្តទុកដាក់ការលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ ញែកសំរាមតាមប្រភេទដូចជាសំណល់អាចកែច្នៃបាន (អេតចាយ)សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយនូវបរិមាណសំណល់នៅតាមទីលាន។

 លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងបែបនេះ នៅក្នុង « ទិវាអនាម័យបរិស្ថានជាតិ” នាព្រឹកថ្ងៃទី២៣វិច្ឆិការឆ្នាំ២០២១ ដោយលោក អភិបារងបានសង្កត់ធ្ងន់ថាទិវាអនាម័យបរិស្ថានជាតិនេះត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនាឆ្នាំ១៩៩៥ ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត សាធារណជនទាំងអស់ ឱ្យចូលរួមធ្វើអនាម័យកែលម្អសោភ័ណទីក្រុង ទីប្រជុំជន ជនបទភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។ តាមរយៈនេះ ក្នុងនាមមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដែលជាសេនាធិការជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់ចំណេះដឹង ជាសាធារណៈ អំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពត្រូវបន្តខិតខំអនុវត្ត និងត្រូវបង្កើននូវកិច្ចខិតខំប្រឹងប្រែងក្នុងការអប់រំ និង ផ្សព្វផ្សាយគ្រប់មធ្យោបាយ និងគ្រប់រូបភាពសំដៅ លើកកម្ពស់ ចំណេះដឹងបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនប្រតិបត្តិមេត្រីភាពបរិស្ថាន។ការណ៍នេះចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់គ្នា ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានសិក្សា និងសង្គមស៊ីវិល ទាំងកម្រិតជាតិ និងអន្តរជាតិ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម