មនុស្ស០៥នាក់ស្លាប់ និង០១នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍រថយន្ត០២គ្រឿងបុកគ្នានៅស្រុកមោងឬស្សី!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី28 ខែតុលា ឆ្នាំ2021 ម៉ោង 12:18 នាទី ល្ងាច

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្ស០៥នាក់បានស្លាប់ភ្លាមៗ និង០១នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនធំបុកជាមួយរថយន្តប្រភេទដឹកទំនិញធុនតូចពេញទំហឹង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៥និង១៥នាទី ថ្ងៃទី ២៨  ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចក្រុមទី០៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

 ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីណូ ធុនដឹកជញ្ជូនធំ០១គ្រឿងពាក់ស្លាកលេខ កំពង់ឆ្នាំង 3A.1566 អ្នកបេីបរដោយបុរសមិនស្គាល់អត្តសញ្ញាណ(ដឹកផ្លែស្វាយ)ក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញបាត់ដំបង )ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកេីតហេតុខាងលេី  បានបុកជាមួយរថយន្ត០១គ្រឿង ម៉ាកនីសាន់ធុនដឹកទំនិញតូច(ដឹកកម្មករបេះក្រូច)ពាក់ស្លាកលេខបាត់ដំបង 2B.2211 ក្នុងទិសដៅច្រាស់បណ្តាលអោយអ្នកបើកបរ និងអ្នករួមដំណើរសរុប០៥នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ (ប្រុស)និងម្នាក់ទៀតរងរបួសធ្ងន់(ប្រុស)ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី  ចំណែកអ្នកបើកបររថយន្តធុនធំរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុរួចបានប្រគល់សាកសពរងគ្រោះទៅអោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម