ចាប់ពីថ្ងៃបើកយុទ្ធ​នាការបិទផ្សព្វផ្សាយប័ណ្ណព័ត៌មានបញ្ចេញសំរាម និងប្រមូល នឹងត្រូវទទួលការ​ផាក​ពិ​ន័យប្រសិនបើបងប្អូនប្រជាពល​រដ្ឋ មិនបានចូលរួមសហការ​ជាមួយរដ្ឋបាល​ក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី24 ខែតុលា ឆ្នាំ2021 ម៉ោង 2:51 នាទី ល្ងាច

ខេត្តព្រះសីហនុៈ យុទ្ធនាការថ្ងៃនេះ និងឈានទៅធ្វើការ​ផាក​ពិ​ន័យ ប្រសិនបើបងប្អូនប្រជាពល​រដ្ឋ អ្នកបង្កើតសំរាមមិនបានចូលរួមសហការ​ជាមួយរដ្ឋបាល​ក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រ​មូល និងដឹកជញ្ជូនសំរាម។ ទន្ទឹមនោះយើងក៏​ត្រូវធ្វើការអប់​រំ​ផ្សព្វ​ផ្សាយដល់អ្នកបង្កើត​សំរាម​ឱ្យ​បានទូលំទូលាយ នូវព័ត៌មាន និង ខ្លឹមសារនៃការផាកពិន័យដើម្បីទីក្រុង​របស់​យើង​ស្អាត មាន​បរិ​ស្ថានល្អ ប្រកបដោយផាសុខភាព និងសុខុមាលភាព។

        ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍​បើក​យុទ្ធ​នាការបិទផ្សព្វផ្សាយប័ណ្ណព័ត៌មានបញ្ចេញសំរាម និងប្រមូល ដឹកជញ្ជូនសំរាម នៅតាម​ខ្សែ​ផ្លូវ ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចប់សំរាមនៅក្នុងក្រុងព្រះសីហនុ ដោយសារកន្លង​មក​សំរាម​មាន​ការកកស្ទះនៅក្រុងព្រះសីហនុ អ្នកបញ្ចេញសំរាមមានចំនួនច្រើន និងការប្រមូលមិន​ទាន់​ទាន់ឆ្លើយតប។ បច្ចុប្បន្នការកកស្ទះសំរាមនៅសល់តែតំបន់ទំនប់រលកប៉ុណ្ណោះ ដោយសារ​ការបញ្ចេញសំរាមមានទាំងនៅលើគោក និងសំរាមមកពីតំបន់កោះ។  ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា ជាមួយគ្នានេះ រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការអប់រំ ផ្សព្វផ្សាយ​ដល់​ប្រជា​ពល​រដ្ឋជាបន្តបន្ទាប់ និងបានជម្រុញឱ្យក្រុមហ៊ុនប្រមូលសំរាម និងដឹកជញ្ជូនសំរាម ត្រូវ​ជ្រើសរើស​បុគ្គលិក រថយន្តដឹកជញ្ជូនសំរាម និងឧបករណ៍បំពាក់បន្ថែមទៅ​តាមតម្រូវការ​ជាក់​ស្តែង។ ម៉្យាងវិញទៀត ដើម្បីឆ្លើយតបទៅព្រិត្តិការដែល ក្រុងព្រះសីហនុ ទើបបានទទួល​ពាន​រង្វាន់​ទី​ក្រុងនិរន្តរភាពបរិស្ថានអាស៊ាន លើកទី៥ ពីប្រទេសឥណ្ឌូនេស៊ី សម្រាប់​ឆ្នាំ២០២១ ដែល​ពាន​រង្វាន់នេះ មិនអាចកាត់ផ្ដាច់ពីការចូលរួមពីលោក-លោកស្រី និងបងប្អូនប្រ​ជាពល​រដ្ឋ​នោះទេ ហើយនេះក៏ជាមោទនភាពដែលយើងបានខិតខំប្រឹងប្រែងទាំងអស់គ្នា ដូចនេះរដ្ឋ​បាល​ក្រុង​ព្រះ​សី​ហនុ បានទទួលសិទ្ធិពីរាជរដ្ឋាភិបាល និង ក្រសួងស្ថាប័នពាក់​ព័ន្ធ​តាមខ្លឹមសារ​អនុ​ក្រឹត្យ​លេខ​១១៣ដោយរៀបចំកម្មវិធីប្រមូលសំរាម និងសកម្មភាពដឹក​ជញ្ជូន​សំ​រាម​ចេញពីក្រុ​ង​ព្រះសី​ហនុ​។

        សូមបញ្ជាក់ផងដែរថាថ្ងៃនេះយើងធ្វើសកម្មភាពចុះបិទ​ផ្សព្វ​ផ្សាយប័ណ្ណ​ព័ត៌មាន​នៅតាម​ខ្នងផ្ទះប្រជាពលរដ្ឋ និងទីតាំងអាជីវកម្ម-សេវាកម្ម ដែលស្ថិតនៅលើដងផ្លូវទាំង ៤៧ខ្សែ ក្នុង​ក្រុង​ព្រះ​សីហនុ ដើម្បីឱ្យអ្នកបង្កើតសំរាម បញ្ចេញសំរាមតាមពេលវេលាកំណត់ ចាប់ពីម៉ោង ៧:០០​យប់ ដល់ម៉ោង ៣ភ្លឺ ហើយក្រុមហ៊ុនធ្វើការប្រមូលសំរាម និងដឹកជញ្ជូនសំរាម ចាប់ពីម៉ោង ៣ភ្លឺ នឹងបញ្ចប់នៅម៉ោង ១០:០០ ព្រឹក។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម