ស្រុកព្រៃនប់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដមួយគ្រឿង បានបុកប៉ះនិងរថភ្លើងមួយគ្រឿង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ។
ហេតុការនេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦:០០នាទី លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៨០-១៨១ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្ដ ០១គ្រឿងម៉ាក SAGNYOGN ពណ៌សពាក់ផ្លា លេខភ្នំពេញ 2T-4730 បើកបរដោយឈ្មោះឈុន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ ។
លុះមកដល់ចំណុចខាងលើបានបុករថភ្លើង០១ខ្សែរដែលមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ (មិនបានដាក់ប៉ារ៉ាស) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករថភ្លើងបន្ដទៅមុខ ។
ករណីគ្រោះថ្នាក់ខាងលើបណ្ដាលអោយអ្នកបើកបររថយន្ត ឈ្មោះ ឈុន សុខជា របួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចត្រៀមប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្តុតាងបានយកមករក្សាទុក្ខបណ្ដោះអាសន្ន នៅអធិការដ្ធាននគរបាលស្រុកព្រៃនប់ ៕