ពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលចំពោះពលរដ្ឋមកពីក្រៅប្រទេស ចូលមកភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី01 ខែតុលា ឆ្នាំ2021 ម៉ោង 6:03 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖នដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ» នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅខេត្តព្រះសីហនុនៅមិនទាន់ត្រូវបានទប់ស្កាត់ទាំងស្រុងនៅឡើយ ជាពិសេសចំពោះមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងប្រទេសជិតខាង និងបានបន្តឆ្លងចូលមកក្នុងសហគមន៍ នៃប្រទេសកម្ពុជាយើងជាបន្តបន្ទាប់។

ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគដ៏កាចសាហាវនេះបន្ថែមទៀត ដើម្បីឈានទៅបើកឡើងវិញនូវសេដ្ឋកិច្ច សង្គម ធានាបាននូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រក្សានិរន្តរភាពនៃការបើកសាលារៀនឡើងវិញ ក៏ដូចជាដំណើរការឡើងវិញនូវសកម្មភាពការងារ មុខរបរ និងអាជីវកម្មនានាជាធម្មតានៅក្នុងក្របខណ្ឌខេត្តព្រះសីហនុ រដ្ឋបាលខេត្តសូមជម្រាប ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក និងប្រធានអង្គភាព ស្ថាប័នដែលបោះទីតាំងក្នុងខេត្ត ត្រូវអនុវត្តនូវវិធានការសុខាភិបាលមួយចំនួនចំពោះអ្នកដំណើរ និងប្រជាពលរដ្ឋមកពីក្រៅប្រទេស ដូចខាងក្រោម៖

១-បន្តល្បាតត្រួតពិនិត្យចរាចរណ៍ចេញ ចូលឆ្លងកាត់ព្រំដែនចូលមកភូមិសាស្ត្រខេត្តព្រះសីហនុទាំងតាមផ្លូវគោក និងតាមផ្លូវទឹកជាប្រចាំ។ ក្នុងករណីមានអ្នកដំណើរ ឬប្រជាពលរដ្ឋមកពីក្រៅប្រទេសចូលមកភូមិសាស្ត្រខេត្ត ឬមូលដ្ឋានក្រុង ស្រុក ជាបឋមត្រូវអនុវត្តវិធានការសុខាភិបាលជាចាំបាច់រួមមានការយកវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ និងការដាក់ឱ្យធ្វើចត្តាឡីស័កនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ មុននឹងបន្តនីតិវិធីផ្សេងទៀត។

២-ចំពោះអ្នកដំណើរដែលចូលមកតាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាធរមាន តាមរយៈប្រព័ន្ធការងារ និងកិច្ចសហការដ៏ល្អរវាងអាកាសយានដ្ឋានអន្តរជាតិខេត្ត ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ៕

ដោយៈ សោម ភ័ក្រត្រា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម