សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុជុំវិញករណីស្លាប់ស្ត្រីម្នាក់ នៅការសុីណូ ដឺសេនជូរី.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី01 ខែតុលា ឆ្នាំ2021 ម៉ោង 10:24 នាទី ព្រឹក

(ខេត្តព្រះសីហនុ)៖ សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីបុគ្គលិកបម្រើការនៅកាស៊ីណូ ដឺសេនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដ៏សែនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាលទ្ធផលគឺបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់។ ដោយពិនិត្យឃើញថាទីតាំងនោះ អាគារធំទូលាយ និងមានកន្លែងស្នាក់នៅសមរម្យ រដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេចលេខ២០៨ សសរ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១សម្រេចដាក់កាស៊ីណូ ដឹសេនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដ៏សេនជូរី ជាកន្លែងធ្វើចត្តាឡីស័ក ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក។ ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានផ្តល់ជម្រើសសម្រាប់អ្នកជំងឺ ថាតើចង់ទៅព្យាបាលនៅមន្ទីរពេទ្យ ឬស្នាក់នៅព្យាបាលក្នុងទីតាំងខាងលើផងដែរ។

ចំពោះអ្នកជំងឺកូវី៥-១៩ ដែលស្នាក់នៅព្យាបាលនៅទីតាំងខាងលើ គឺត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តចុះត្រួតពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ និងតាមដានសុខភាពអ្នកជំងឺជាប្រចាំ ព្រមទាំងបានបង្កើតគ្របតេឡេ
ក្រាម (ទប់ស្កាត់ coVID19) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងអ្នកជំងឺ និងក្រុមគ្រូពេទ្យ។ ចំពោះអាហារហូបចុកគឺបានផ្តល់ជូន០៤ពេលក្នុងមួយថ្ងៃពីម្ចាស់កាស៊ីណូរបស់ខ្លួនផងដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យរបស់យើងក៏បានចុះទៅពិនិត្យសុខភាពអ្នកជំងឺទាំងអស់ ឃើញថាមិនមានបញ្ហាអ្វីគួរកត់សម្គាល់នោះទេ និងបានផ្តល់ថ្នាំសម្រាប់រយៈពេល០៣ថ្ងៃ ដោយបានណែនាំបន្ថែមករជាមានអាការៈមិនស្រួលខ្លួនសូមទំនាក់ទំនងមកក្រុមគ្រូពេទ្យភ្លាម។

ដោយឡែកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោងប្រមាណ០៩ និង២១នាទី មានអ្នកផ្ញើសារចូលក្នុងគ្របតេឡេក្រាម (ទប់ស្កាត់ coVID19) ដោយបានប្រាប់ថាមានអ្នកជំងឺម្នាក់ឈ្មោះ ហៀន ស្រីនិច ភេទស្រី អាយុ២៨ឆ្នាំ មានអាការៈក្អួត ពេលនោះក្រុមគ្រូពេទ្យយើងក៏បានមកពិនិត្យ និងផ្តល់ថ្នាំជូន ព្រមទាំងទំនាក់ទំនងសួរនាំ ដើម្បីតាមដានអាការៈជំងឺរបស់គាត់។ លុះដល់ម៉ោង០៦ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺដែលមានអាការៈមិនធូរស្រាល និងបាត់បង់ជាតិទឹកជាច្រើន ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានជាងកន្លះម៉ោងក៏បានស្លាប់បាត់បង់ជីវិតតែម្តង បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យជំនាញគឺដោយសារគាត់ពុលអាហារ (ក្អួត) និងបាត់បង់ជាតិទឹកច្រើនពេក។ រហូតមកដល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃដដែល មានអាខោនហ្វេសប៊ុកឈ្មោះDoung Chan Sreypov បានធ្វើការ Live ផ្ទាល់ដោយមានគ្នាចំនួន០៥នាក់ បានចោទប្រកាន់មកលើអាជ្ញាធរខេត្តថាពួកខ្លួនបានធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ តែមិនត្រូវបានគេបញ្ជូនទៅព្យាបាលឡើយ ដែលផ្ទុយស្រឡះពីការពិតជាក់ស្តែង គឺពួកគាត់ទាំងអស់គ្នាត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង នៅទី
តាំងអាគារធ្វើការរបស់គាត់ ដែលត្រូវបានរដ្ឋបាលខេត្តកំណត់ជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩។ រហូតមកដល់ម៉ោង០៤រសៀលថ្ងៃដដែល អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យរបស់យើង បានទៅអញ្ជើញពួកគាត់ដើម្បីយកទៅ
ព្យាបាលនៅមន្ទីរពេទ្យ តែពួកគាត់មិនចុះពីលើអាគារនោះទេ រហូតដល់ម៉ោង០៧ និង២៧នាទីយប់ទើបគាត់ចុះមកជួបក្រុមការងារ ហើយបានបដិសេធមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺសុំស្នាក់នៅ និងព្យាបាលនៅទីតាំងកន្លែងធ្វើការរបស់គាត់ដដែល ហើយបានសន្យាថានឹងធ្វើការ Live ផ្ទាល់ ដើម្បីបកស្រាយអំពីការយល់ច្រឡំរបស់ពួកគាត់មកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើងវិញ។

រដ្ឋបាលខេត្តសូមបញ្ជាក់ថា ក្នុងករណីដែលបងប្អូនដែលកំពុងស្នាក់នៅព្យាបាល នៅក្នុងទីតាំងខាងលើមានបំណងចង់ប្តូរទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងដែលរដ្ឋបាលខេត្តបានរៀបចំ សូមទំនាក់ទំនងក្រុមការងារប្រចាំការតាមរយៈលេខទូរស័ព្ទ ០៩៣៩៩៩១៦៨ ដើម្បីធ្វើការសម្របសម្រិលជូន។

ចំពោះការលើកឡើងថា មានការប៉ាង និងបង្ខំបុគ្គលិកឱ្យធ្វើការនៅក្នុងកាស៊ីណូខាងលើ ដោយគ្មានការព្រមព្រៀង រដ្ឋបាលខេត្តនឹងធ្វើការស៊ើបអង្កេតឱ្យបានលម្អិតបំផុត ករណីរកឃើញមានប្រព្រឹត្តបទល្មើស នោះរដ្ឋបាលខេត្តនឹងចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម