វិថី សម្តេចតេជោ (ចំនុចពយតាមូងចាស់)​នឹង​ត្រូវ​រៀប​ចំ​ជាទីតាំងបុណ្យសមុទ្រនៅឆ្នាំនេះ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី06 ខែសីហា ឆ្នាំ2021 ម៉ោង 4:01 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC.ស្របពេលដែលខេត្តព្រះសីហនុ នឹងក្លាយជាម្ចាស់​នៃការរៀប​ចំកម្មវិធីបុណ្យនាឆ្នាំនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​ព្រះ​សីហនុបានអះអាងថា រដ្ឋបាលខេត្តបានសម្រេចជ្រើសរើសយកទីតាំង វិថី តេជោ  តភ្ជាប់ពីវិថី  ២ធ្នូ មកចុងផ្លូវ  ៥០២ ស្ថិតនៅតំបន់ពយតាមូង  ក្នុងភូមិសាស្ត្រសង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរៀបចំពិធីបុណ្យសមុទ្រ។

        ការបញ្ជាក់អះអាងបែបនេះ ត្រូវធ្វើឡើងក្នុងឪកាសឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ​អញ្ជើញដឹកនាំមន្រ្តីជំនាញ​ពាក់ព័ន្ធ​ចុះ​ត្រួត​ពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថី តេជោ  តភ្ជាប់ពីវិថី  ២ធ្នូ មកចុងផ្លូវ  ៥០២ ស្ថិតនៅតំបន់ពយតាមូង  ក្នុងភូមិសាស្ត្រ​សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហាឆ្នាំ២០២១។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាន៍ថា នៅ​ដំណាច់ឆ្នាំខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួល ឬការរំខានដោយសារ​ជំងឺ​កូវី-១៩ នោះទេ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងយកទី​តាំង​នៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យសមុទ្រ មានសោភ័ណភាព និងបរិ​ស្ថាន​ស្អាត រដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំ​ដើម​កោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានធំទូលាយបន្ថែមទៀត ដើម្បី​រៀបចំប្រារព្ធពិធី ជាពិសេសជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ​មក​លេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាពេល​ខាង​មុខ​។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុម​ការងារត្រូវពន្លឿន​ការរៀប​ចំឱ្យ​បាន​លឿន ប្រកបដោយគុណភាព និងសោភ័ណភាព ដោយត្រូវធ្វើ​យ៉ាង​ណា​ឱ្យ​បាន​រួចរាល់ មុនថ្ងៃនៃការរៀបចំពិធីបុណ្យសមុទ្រ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម