តំបន់រមណីយដ្ឋានអង្គរ កាន់តែមានភ្ញៀវទេសចររើបៗមកវិញហើយ ពីមួយថ្ងៃទៅមួយថ្ងៃ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី06 ខែមិថុនា ឆ្នាំ2021 ម៉ោង 4:04 នាទី ល្ងាច

    សៀមរាប៖ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានអ្នកទេសចរចូលមករើបៗជាបន្តបន្ទាប់ ក្រោយពេលបើកអោយចូលទស្សនា ទើបតែមានរយះពេលជាង ១ខែនេះ។ភ្ញៀវដែលចូលមកទស្សនា តាមបណ្តាប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ភាគច្រើនជាភ្ញៀវជាតិ ដែលមកពីខេត្តផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជានិង ភ្ញៀវមកពីតាមបណ្តាស្រុកនៃខេត្តសៀមរាបផងដែរ។

      លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអោយដឹងថា តាមការស្រង់ទិនន័យ គិតត្រឹមថ្ងៃទី១ខែឧសភា មកទល់ថ្ងៃទី៤ខែមិថុនាឆ្នាំ ២០២១នេះមានចំនួនសរុប៦៩៩៤២នាក់ ក្នុងនោះភ្ញៀវជាតិ៦៦៥៨៣នាក់ បរទេស២៨៣០នាក់ និងព្រះសង្ឃ៥២៩អង្គ។ នេះជាចំនួនរាប់ជាក់ស្តែង នៅតាមបណ្តាប្រាសាទ ពុំមែនជាចំនួនភ្ញៀវដែលចូលមកទស្សនាក្នុងរមណីយដ្ឋានអង្គរនោះទេ។

      លោកបន្តថា នេះជាចំនួនកើនឡើង តែមន្ត្រីអាជ្ញា ធរអប្សរា ដែលប្រចាំការ នៅតែបន្តវិធានការក្រសួងសុខា ភិបាល ករណីភ្ញៀវមិនព្រមអនុវត្តតាម គឺមិនអោយចូលឡើយ។ លោកបន្ថែមថា ដើម្បីជួយសម្រួលដល់អ្នកទេសចរ ក្នុងការទស្សនាថ្ងៃរះនិងថ្ងៃលិច ហើយរក្សាគម្លាតបានល្អ  អាជ្ញាធរជាតិអប្សរា បានរៀបចំកន្លែងជាច្រើនដូចជា លើភ្នំបាខែង តាមបណ្តាប្រាសាទ បារាយណ៍ខាងលិច លើភ្នំបូង និងលើភ្នំក្រោមជាដើម។ ក្រៅពីនោះ ក៍បានរៀបចំជាសួនច្បារ ដាំដើមឈើ ដាំផ្កា និងស្មៅ ដែលមើលទៅមានទេសភាពពណ៍បៃតងខ្ចី។ អីចឹងទេ ភ្ញៀវជាតិដែលមិន ធ្លាប់ និងអ្នកធ្លាប់បានមកទស្សនារមណីយដ្ឋានអង្គរ អាចមក និងមកម្តងទៀត នោះនឹងទទួលបានទេសភាពប្លែកៗជាងមុន ជាក់ជាមិនខាង។ ចំពោះកាចូលទស្សនា សម្រាប់ភ្ញៀវជាតិ មិនមានការលក់សំបុត្រនោះទេ។

      លោកឡុង កុសល ក៍បានបង្ហាញក្តីរំពឹងថា ភ្ញៀវនឹងបន្តកើនឡើង ជារៀងរាល់ថ្ងៃ បើទោះបីជម្ងឺកូវីដ១៩នៅតែបន្តរាតត្បាត។

    សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ត្រូវបានប្រ មុខរដ្ឋាភិបាលកម្ពុជា ប្រកាសអោយបើកដំណើរការចូលទស្សនាវិញកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២១។ជាមួយគ្នានោះ បណ្តាផ្ទះសំណាក់ និងសណ្ឋាគារ មួយចំនួន ក៍មានការបើកទទួលភ្ញៀវជាធម្មតាផងដែរ។ ប៉ុន្តែក្លឹបកំសាន្ត ហាងផឹកស៊ី នៅមិនទាន់អនុញាតិនៅឡើយទេ ត្បិតជាកន្លែងជួបជុំប្រមូលផ្តុំ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម