ព្រៃលិចទឹកក្នុងស្រុកមោងឫស្សី នៅតែមានការកាប់ទន្ទ្រានឥតឈប់ពីសំណាក់ជនខិលខូច

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី27 ខែឩសភា ឆ្នាំ2021 ម៉ោង 6:57 នាទី ល្ងាច

 ខេត្តបាត់ដំបង៖ ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី នៃខេត្តបាត់ដំបង រាប់រយហិកតា បាននឹងកំពុងរងការកាប់បំផ្លាញឥតឈប់ឈរ ពីសំណាក់ជនខិលខូចបើទោះបីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដាក់វិធានការ ទប់ស្កាត់ជាញឹកញាប់យ៉ាងណាក្តី។

 

ប្រជាពលរដ្ឋរស់នៅជិតតំបន់ព្រៃលិចទឹក ដែលកំពុងរងការកាប់ទន្ទ្រាន ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី បានលើកឡើងថា ព្រៃលិចទឹកជាច្រើនចំណុច ត្រូវជនខិលខូចមួយចំនួនបានប្រើប្រាស់គ្រឿងចក្រ ត្រាក់ទ័រ ធ្វើការឈូសឆាយជាហូរហែរនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាយប់មិនថាថ្ងៃ និងបានប្រើប្រាស់សកម្មភាព បំភាន់ភ្នែកអាជ្ញាធរតាមរូបភាពផ្សេងៗ ដោយធ្វើការឈូសឆាយភ្ជួររាស់ដីព្រៃបណ្ដើរ ហើយធ្វើការព្រោះស្រូវបណ្ដើរ ធ្វើដូចជាខ្លួនបានអាស្រ័យផលលើដីនោះជាច្រើនឆ្នាំមកហើយ ប៉ុន្តែការពិតគឺជាដីព្រៃថ្មី មិនធ្លាប់អាស្រ័យផលនោះទេ។

 

  ប្រភពដដែលបានបន្ថែមថា សម្រាប់ចំណុចត្រូវជនទាំងអស់នោះ កំពុងកាប់ទន្ទ្រានជាបន្តបន្ទាប់ មាន -នៅបឹងកំភ្លាញក្នុង -បឹងកំភ្លាញក្រៅ -អូរចុងតាចាន់ -ខ្ទមតូច រាងអង្ក្រង -បឹងបណ្ដែតគល់ +បឹងទឹកល្អក់ -បឹងទឹកថ្លាជាដើម ហើយតំបន់ទាំងនោះខ្លះស្ថិតក្នុងភូមិអង្គ្រង និងខ្លះនៅភូមិដូនទ្រី ។

 

 ក្នុងការចុះពិនិត្យទៅលើទីតាំងដែលកំពុងកាប់ទន្ទ្រានខាងលើ មន្ត្រីសាលាស្រុកមោងឫស្សី បានឲ្យដឹងថា ចំពោះបញ្ហាការកាប់ទន្ទ្រាននៅភូមិសាស្ត្រឃុំជ្រៃនេះ ពិតជាបានកើតឡើងមែន ដោយពេលខ្លះអាជ្ញាធរក៏ចាប់គ្រឿងចក្រ ដែលកំពុងឈូសឆាយបានជាបន្តបន្ទាប់ និងបានបញ្ជូនទៅតុលាការផងដែរ ។

 

  មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះករណីខ្លះ ពេលអាជ្ញាធរចុះទៅបង្ក្រាបជនខិលខូចបានដឹងមុន ក៏បើកគ្រឿងចក្ររត់គេច ឬយកទៅលាក់ក្នុងព្រៃ បន្សល់ទុកតែដាន ហើយពេលខ្លះពួកគេបានកាប់ទន្ទ្រាននៅពេលយប់ក៏មាន ធ្វើឲ្យអាជ្ញាធរមានការពិបាក ព្រោះមានកម្លាំងតិច ហើយព្រៃលិចទឹកក្រៅពីនៅឃុំជ្រៃនេះ ក៏មានឃុំផ្សេងទៀត កំពុងរងការកាប់ទន្ទ្រាន ក្នុងនោះមានឃុំព្រៃតូច និងឃុំឫស្សីក្រាំងជាដើម ។

 

  គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកាលពីសប្ដាហ៍កន្លងទៅ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បញ្ហានៅមានការលួចកាប់ទន្ទ្រាននេះ ដោយសារមានភាពមិនច្បាស់លាស់ ដូចជាមានការដាំបង្គោលនៅរង្វើលឆ្ងាយៗ ខណៈខេត្តបាត់ដំបងមានដីព្រៃលិចទឹកប្រមាណ ៤០គីឡូម៉ែត្រ ដាំបង្គោលបានតែជាង ១០០ដើម ដោយបញ្ហានេះហើយ ទើបពលរដ្ឋឆ្លៀតឱកាសកាប់ឈូសឆាយព្រៃយកដីធ្វើស្រែ ។

  ឯកឧត្តមបន្តថា ចំពោះការទប់ស្កាត់នេះ សម្រាប់អាជ្ញាធរខេត្តមានអំណាចបានត្រឹមយន្តការអប់រំ និងការសម្រេចយ៉ាងណាលើក្រសួងស្ថាប័នជំនាញ ហើយបញ្ហាមួយទៀត មានករណីខ្លះដីដែលកាប់ទន្ទ្រានរួចហើយនោះ ពលរដ្ឋសុំអាស្រ័យផលបន្ត នៅពេលរដ្ឋត្រូវការពេលណា អាចដកហូតបានពេលនោះ ។      

  គួររំលឹកផងដែរថា ការលួចកាប់ទន្ទ្រានដីព្រៃលិចទឹកនេះ មិនមែនកើតមានតែនៅស្រុកមោងឫស្សីនោះទេ គឺកើតឡើងនៅស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ហើយដើម្បីទប់ស្កាត់នូវបញ្ហានេះ នៅតំបន់ខ្លះរដ្ឋបាលខេត្តក៏បានដាក់ប៉ុស្តិ៍ដើម្បីត្រួតពិនិត្យផងដែរ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម