ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តប៉ៃលិន នាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩ ចំនួន៧គ្រួសារ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី23 ខែឩសភា ឆ្នាំ2021 ម៉ោង 7:58 នាទី ល្ងាច

ខេត្តប៉ៃលិន ៖នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ខេត្ត) ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ខេត្ត)រួមដំណើរដោយលោក សៀ សុខុម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ខេត្ត) និងជាអនុប្រធានក្រុមការងារ ចុះជួយភូមិព្រៃសន្ទះ និង ភូមិកូនដំរី បានដឹកនាំក្រុមការងារ យកអំណោយស្បៀង ផ្តល់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រខ្វះខាត ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ៧គ្រួសារ ។

ថ្លែងក្នុងឱកាសផ្តល់ស្បៀងតាមខ្នងផ្ទះ ឯកឧត្តម ហុក សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ខេត្ត) បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ជាពិសេស ត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

លោកបន្តទៀតថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារទាំងអស់ បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃ នូវវិធានការរបស់រដ្ឋបាល ខេត្ត និងប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធាននានារបស់ក្រសួងសុខាភិបាល ដោយណែនាំឱ្យយល់ដឹងនូវកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមឱ្យបាន១.៥ម៉ែត្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ប្រជាពលរដ្ឋក្នុងគ្រួសារនីមួយៗ សប្បាយរីករាយយ៉ាងខ្លាំងបានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ផ្តល់ស្បៀងជូនពួកគាត់ ខណ:កំពុងតែខ្វះខាតខ្លាំង ហើយក៏សូមជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច ។

សូមបញ្ជាក់ផងដែរថា ៖ អំណោយដែលក្រុមការងារផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទាំងអស់ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធ៤យួរ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម