ពលរដ្ឋជិត១០០ គ្រួសារ ក្និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានទុនបង្វិល ពីគម្រោង LASED II ក្នុងការពង្រីកការដាំដុះដំណាំកសិផល និងចិញ្ចឹមសត្វ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែឩសភា ឆ្នាំ2021 ម៉ោង 5:13 នាទី ល្ងាច


ខេត្តត្បូងឃ្មុំៈ នៅរសៀល ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានគ្រប់គ្រងគម្រោង LASED II ខេត្តត្បូងឃ្មុំ បានចុះចែកផ្តល់ឥណទានរបស់គម្រោង ដល់សមាជិកក្រុមទុនបង្វិលលេីកទី១ ចំនួន៦ក្រុម ស្មេីនឹង៩៦នាក់ ដែលជាសម្បទានិក រស់នៅក្នុងតំបន់បែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិតនៅក្នុងភូមិស្រែលេីសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គាំទ្រមូលនិធិដោយធនាគារពិភពលោក (WB) និងរាជរដ្ឋាភិបាលកម្ពុជា ។


ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងបែងចែកដីជូនប្រជាពលរដ្ឋ ធ្វើជាកម្មសិទ្ធរួម គួបផ្សំនិងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដើម្បីប្រជាពលរដ្ឋអាចរស់នៅ ប្រកបរបរចិញ្ចឹមជីវិត បន្តទៅទៀតនៅក្នុងតំបន់នេះ ។
ឯកឧត្តម អភិបាលរងខេត្ត បន្តថា បងប្អូនប្រជាពលរដ្ឋនៅទីនេះ ធ្វើការដាំដុះ សម្រាប់ទទួលទានផង និងផ្គត់ផ្គង់នៅទីផ្សារផង ដោយទទួលបាននូវប្រាក់កំរៃសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ។ ចំពោះការផ្តល់ជូននូវទុនបង្វិល ក្នុងតំបន់នេះ គឺបងប្អូនប្រជាពលរដ្ឋ អាចយកទុនទាំងនេះទៅពង្រីកការដាំដុះដំណាំកសិផលផ្សេងៗ រួមទាំងការចិញ្ចឹមសត្វ បន្ថែមទៀត ដើម្បីទទួលបានជីវភាពល្អប្រសើរទៅថ្ងៃអនាគត ។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានសំណូមពរ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធាននានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ នូវវិធាន "៣ការពារ ៣កុំ" ដើម្បីបង្ការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម