ក្រុមអ្នកកាសែត ទទូច​សុំ​ស្ថាប័ន​តុលាការ ដោះលែង​ចាងហ្វាង​កាសែត​ម្នាក់ អោយនៅ​ក្រៅ​ឃុំ​.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី25 ខែមេសា ឆ្នាំ2021 ម៉ោង 9:29 នាទី ព្រឹក

(ខេត្តសៀមរាប​) ក្រុមអ្នកកាសែត ក្នុងខេត្តសៀមរាប ប្រមាណ ៣០ទៅ៤០នាក់ នៅរសៀល ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នេះបានទទូចសុំទៅ ស្ថាប័នតុលាការ មេត្តាដោះលែង ចាងហ្វាងកាសែតម្នាក់ អោយនៅក្រៅឃុំ ការទទូចសុំអោយនៅក្រៅឃុំ ពីសំណាក់ក្រុមអ្នកកាសែត ក្នុងខេត្តសៀមរាបនេះ គឺ ក្រោយពេលសមត្ថកិច្ច ចាប់ខ្លួន លោកចាងហ្វាង ករណីផ្សាយព័ត៌មានថាឧកញ៉ា លី យ៉ុងផាត់ ស្លាប់

ចាងហ្វាងកាសែត ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ លឹម ហួរ ភេទប្រុស ជាចាងហ្វាងការផ្សាយ កាសែតខ្មែរ មករា រូបគាត់ត្រូវបាននគរបាលការិ យាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យាខេត្តសៀមរាប ចាប់ឃាត់ខ្លួន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះហើយបានបញ្ជូនខ្លួន ទៅតុលាការ នៅថ្ងៃដដែល

នៅរសៀលថ្ងៃដដែល លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូង ខេត្តសៀមរាប បានមានប្រសាសន៍ តាមទូរស័ព្ទថាៈ លោកលឹម ហួរ បានត្រូវលោកចៅក្រម សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ បណ្តោះអាសន្នហើយ ដោយចោទប្រកាន់ពីបទ ក្លែងព័ត៌មាន

ក្នុងករណីនេះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មាន ខេត្តសៀមរាប បានថ្លែងតាមទូរស័ព្ទថា ករណីនេះ លោកបានកំពុងប្រមូលព័ត៌មាន ដើម្បីជំរាបជូន រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកបានបន្តថា អ្នកសារព័ត៌មាន ត្រូវធ្វើអ្វី ផ្សាយព័ត៌មាន ទៅតាមច្បាប់ អាជ្ញាប័ណ្ណ ដែលក្រសួងផ្តល់អោយ តែបើបុគ្គល ធ្វើអ្វីដោយឯកជន ខ្លួនឯង ដូចជា ផ្សាយក្នុងហ្វេប៊ុឯកជន នោះវាមិនស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងឡើយ តែរឿងនេះ ខាងមន្ទីរ នឹងបន្តតាមដាន តទៅទៀត

ជាមួយនឹងការសម្រេចឃុំខ្លួន លោក លឹម ហួរ ចាងហ្វាងកាសែតខ្មែរ មករា របស់ស្ថាប័នតុលាការនេះ ក្រុមអ្នកកាសែត ក្នុងខេត្តសៀមរាប បាននាំគ្នាទទូច សុំស្ថាប័នតុលាការ មេត្តាដោះលែងលោក លឹម ហួរ អោយនៅក្រៅឃុំ ដ្បិតរូបគាត់ បានដឹងកំហុសនិងបានធ្វើការឡាយ សុំទោសជាសាធារណៈវិញរួចហើយ

ក្រុមអ្នកកាសែត ក្នុងខេត្តសៀមរាប សង្ឃឹមថា តុលាការ នឹងពិចារណា ហើយដោះលែងលោក លឹម ហួរ អោយបាននៅក្រៅឃុំ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម