រដ្ឋបាលខេត្តព្រះសីហនុ៖ ផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ តែលើកលែងចំពោះបងប្អូនអាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី16 ខែមេសា ឆ្នាំ2021 ម៉ោង 2:45 នាទី ល្ងាច

(ខេត្តព្រះសីហនុ) រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង «ផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ តែត្រូវបានលើកលែងចំពោះបងប្អូនអាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ ដោយអាចមកលក់វិញបានត្រឹម០៣ថ្ងៃក្រោយការផ្អាក និងបន្ទាប់ពីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត»

សូមជម្រាបជូនថា ដោយរកឃើញអាជីវករផ្សារលើមានវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់មានចំនួន សរុប១៣នាក់រួចមក រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម លក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩។

អាជីវករលក់ដូរនៅក្នុងផ្សារលើទាំងអស់មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអាជីវករ ទាំងអស់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅផ្សារលើក្រុងព្រះសីហនុ។ ក្នុងករណីបងប្អូនអាជីវករណាខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្តល់វត្ថុសំណាកនៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក)

អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា៖ ការផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ តែត្រូវបានលើកលែងចំពោះបងប្អូនអាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ ដោយអាចមកលក់វិញបានត្រឹម០៣ថ្ងៃក្រោយការផ្អាក បន្ទាប់ពីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត។ ដូច្នេះប្រសិនបើបងប្អូនមកយកវត្ថុសំណាកបានលឿននោះបងប្អូននឹងឆាប់បានចូលមកលក់វិញកាន់តែឆាប់។

ដោយឡែកចំពោះបងប្អូនអាជីវករទូទៅ នឹងត្រូវបានអនុញ្ញាតឱ្យចូលលក់ដូរក្នុងផ្សារលើវិញ បន្ទាប់ពីការបិទផ្អាករយៈពេល១៤ថ្ងៃបានបញ្ចប់ និងត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីមន្ទីរសុខាភិបាលខេត្តដូចគ្នា។

ក្នុងអំឡុងពេលអនុញ្ញាតឱ្យមានការលក់ដូរ សូមលើកទឹកចិត្តបងប្អូនអាជីវករ និងអតិថិជនទាំងអស់ ប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ មានដូចជា Mobile Appនិង QR Codeជាដើម ដើម្បីកាត់បន្ថយជាអតិប្បរមាក្នុងការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ និងត្រូវអនុវត្តឱ្យបានដាច់ខាតកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សូមបងប្អូនអាជីវករ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ ដើម្បីឱ្យការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទទួលបានជោគជ័យសម្រាប់យើងទាំងអស់គ្នា៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម