អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនាំយកអង្ករ២០តោន ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាកសិករជួបការលំបាកក្នុងស្រុកអូររាំងឪចំនួន៤០០គ្រួសារ...

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី31 ខែតុលា ឆ្នាំ2022 ម៉ោង 1:16 នាទី ព្រឹក

ត្បូងឃ្មុំៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវអង្ករចំនួន២០តោនចែកផ្តល់ជូនប្រជាកសិករមានជីវភាពខ្វះខាត ជួបការលំបាក ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងបញ្ហាផ្សេងៗចំនួន ៤០០គ្រួសារ ក្នុងមូលដ្ឋានឃុំទាំង០៧ នៃស្រុកអូររាំងឪ ។ ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង០៣ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកអូររាំងឪ និងបងប្អូនប្រជាកសិករ ។

 មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យើងពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស ដោយសម្តេចជាថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ពោលគឺទីណា មានការលំបាក ទីនោះគឺមានមុខសម្តេចតេជោចុះជួយជានិច្ច ។ 

 ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យរដ្ឋបាលខេត្តនាំយកអង្ករមកចែកផ្តល់ជូនបងប្អូនយើង ដើម្បីជួយសម្រួលជីវភាព និងតម្រូវការក្នុងគ្រួសារដែលកំពុងជួបការលំបាក ជាពិសេសក្រោយពីស្រែស្រូវត្រូវបានបំផ្លិចបំផ្លាញដោយជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងកន្លងមកនេះ ។

 ឆ្លៀតក្នុងកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាដោះស្រាយបញ្ហានានាដែលជាទុក្ខកង្វល់របស់ពលរដ្ឋ ជាពិសេសអនុវត្តន៍ឱ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើអោយភូមិ/ឃុំ ប្រែជា" ភូមិ ឃុំ ស ស្អាត " ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ៕


 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម