រដ្ឋបាលខេត្តព្រះសីហនុគ្រោងរៀបចំ«សួនកីឡាទេសចរណ៍លើសមុទ្រ» នៅឆ្នេរអូរឈើទាល២អមជាមួយការកម្សាន្តជាច្រើន.!

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែមិថុនា ឆ្នាំ2022 ម៉ោង 6:26 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅព្រឹកទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះ សីហនុ អញ្ជើញបើកកិច្ចប្រជុំស្តាប់បទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL TRAVEL Co.,LDT ។

តំណាងក្រុមហ៊ុនហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL TRAVEL Co.,LDT បានធ្វើបទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ គឺមានទីតាំងស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺនៅទល់មុខនឹងអគាររបស់ក្រុមហ៊ុនតែម្តង ដោយទីតាំងស្នើសុំមានទំហំទទឹង ១០០ម៉ែត្រ បណ្តោយ ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរចូលទៅក្នុងទឹកសមុទ្រប្រមាណ២០ម៉ែត្រ មិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ។ សួនកម្សាន្តកីឡាទេសចរណ៍នៅលើសមុទ្រ គឺក្រុមហ៊ុននឹងរៀបចំរួមមាន ប្រាសាទទឹក, បាល់ទះលើទឹក, ពោងបង្វិលលើទឹក, ពោងរត់បង្វិលលើទឹក, ទូកពោងរាងផ្លែចេក, ទូកចែវ, ពោងបណ្តែតកម្សាន្តលើទឹក, ស្ពានដើរបណ្តែតទឹក, ទោងជិះកម្សាន្ត, និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះផងដែរ។ ជាមួយគ្នានេះ ដោយពិនិត្យឃើញពីសក្តានុពល និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ទើបក្រុមហ៊ុនសម្រេចស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះ ជាមួយនឹងទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លាអាមេរិក។

បន្ទាប់ពីស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាំទ្រគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្ររបស់ក្រុមហ៊ុនឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក ដោយសារទីតាំងដែលស្នើសុំគឺស្ថិតនៅទល់មុខ អាគារសណ្ឋាគាររបស់ក្រុមហ៊ុនផ្ទាល់ ហើយកីឡាទេសចរណ៍លើទឹកនេះជាផលិតផល ទេសចរណ៍ថ្មីសម្រាប់ខេត្តព្រះសីហនុ និងបង្កើតការងារដល់ប្រជាពលរដ្ឋ ព្រមទាំងទាក់ ទាញភ្ញៀវទេសចរណ៍ចូលមកកម្សាន្ត និងស្នាក់នៅខេត្តព្រះសីហនុកាន់តែច្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានធ្វើការណែនាំដល់ក្រុមហ៊ុន ត្រូវសិក្សាពីតម្លៃសេដ្ឋកិច្ច សង្គម និងចំនួនភ្ញៀវមកកំសាន្ត ក៏ដូចជាសិក្សាអំពីលក្ខណៈបច្ចេកទេស អាកាសធាតុ ការការពារសុវត្ថិភាពភ្ញៀវ និងផលប៉ះពាល់បរិស្ថានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានក្នុងការ ស្នើសុំគោលការណ៍ទៅគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីអនុវត្តនីតិវិធីបន្ត ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម