សម្តេចពិជ័យសេនា ទៀ បាញ់៖ ប្រទេសកម្ពុជា មិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់ណាមួយឡើយ!

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែមិថុនា ឆ្នាំ2022 ម៉ោង 8:21 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លងនាវានៅមូលដ្ឋានកងទព័ជើងទឹកសមុទ្ររាមក្នុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះសម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៌បញ្ជាក់ថា ក្នុងប្រទេសកម្ពុជា មិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់ណាមួយឡើយ ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៌បញ្ជាក់ថា ប្រទេសកម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ ការចូលរួមអភិវឌ្ឍន៌សមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក ក្នុងនោះកម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ។

សម្តេចពិជ័យសេនា បានបដិសេធជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ ហើយកម្ពុជាក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេស ក្រៅពីតាមសំណើអង្គការសហប្រជាជាតិនោះឡើយ។
សុំបញ្ជាក់ថា គម្រោងទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយពីប្រទេសចិន ជាសមិទ្ធផលឈរលើមូលដា្ឋនគោរពគា្នទៅវិញទៅមកនិងស្មើមុខស្មើមាត់រវាងចិន និងកម្ពុជា សមស្របនឹងច្បាប់ផ្ទៃក្នុងប្រទេសទាំងពីរ ច្បាប់អន្តរជាតិពាក់ព័ន្ធ និងក្រមប្រតិបត្តិអន្តរជាតិ ក្នុងនោះ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាមានប្រសាសន៌ក្នុងពិធីនេះដែរថា កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា គឺជាសរសទ្រូងដ៏រឹងមាំសម្រាប់ចំណងមិត្តភាពនៃប្រទេសទាំងពីរ សមស្របទៅនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស និងប្រជាជនប្រទេសទាំងពីរ កម្ពុជា ចិន ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម