សំណុំរឿងស្ត្រីឆបោកលុយដើមបណ្តឹង ៧០ម៉ឺនដុល្លាត្រូវតុលាការសម្រេចឃុំខ្លួន.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី20 ខែកញ្ញា ឆ្នាំ2021 ម៉ោង 5:04 នាទី ល្ងាច

(បាត់ដំបង)៖ សំណុំរឿងស្ត្រីចំណាស់ ១នាក់ដែលបង្កការភ្ញាក់ផ្អើលឆបោកលុយដើមបណ្តឹងចំនួន ៧០ម៉ឺនដុល្លាអាមេរិកក្នុងក្រុងបាត់ដំបងត្រូវតុលាកាសម្រចឃុំខ្លួន។

កម្លាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១នេះថា÷ ស្ត្រីជាអាជីវករវ័យចំណាស់ម្នាក់ដែលកម្លាំងសមត្ថកិច្ចចុះអនុវត្តច្បាប់តាមដីកាបញ្ជាឲ្យចូលខ្លួនពីបទឆបោកលុយចំនួន ៧០ម៉ឺនដុល្លា ក្រោយបញ្ជប់ការសាកសួររយ:ពេល ៣ថ្ងៃត្រូវបានតំណាងអយ្យកាអមសាលាដំបូងខេត្តបាត់ដំបងសម្រេចបញ្ជូនទៅឃុំខ្លួនជាស្ថាពរហើយនៅរសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១កន្លងមកនេះ។

ប្រភពដដែលបន្ថែមថា÷ ករណីខាងលើជនល្មើសឈ្មោះគុម្ព វង់ម្នី មានទីលំនៅក្នុងភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង
អាចប្រឈមនឹងការជាប់ពន្ធនាគាពី ១- ៣ឆ្នាំ។

ការនាំខ្លួនស្ត្រីជនសង្ស័យរូបនេះបានធ្វើឡើងកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ អនុវត្តតាមដីកាឲ្យចូលខ្លួនរបស់តំំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីជនរងចោទមិនព្រមទទួលដីការ និងមិនព្រមចូលឆ្លើយបំភ្លឺ ១លើក ជា២លើក តាមពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះសរ សុវណ្ណារ៉ា រស់នៅក្នុងកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបងដូចគ្នា បន្ទាប់ពីស្ត្រីចំណាស់នេះនិយាយបញ្ចុះបញ្ចូលដោយកុហកខ្លួនថាមានក្មួយស្រីឈ្មោះ ជិន ស្រីម៉ិច និងជិន ស្រីម៉ី ដែលពួកគេដេញថ្លៃបានក្នុងការដឹកជញ្ជូនស៊ីម៉ង់ត៍ពីក្រុមហ៊ុន ជីប ម៉ុង ( យោងតាមការរៀបរាប់របស់ពាក្យបណ្តឹងជនរងគ្រោះ )។

ខ្លឹមសារនៃពាក្យបណ្តឹងបញ្ជាក់បន្តថា÷ ស្ត្រីជាអាជីវករខាងលើបានលើកដែរថា បើសិនជាគាត់ ( សរ សុវណ្ណារ៉ា ) ចាប់អារម្មណ៍ អ្នកស្រីមានបុងលក់ជូនដើម្បីបានសិទ្ធក្នុងការដឹកជញ្ជូនទំនិញខាងលើនេះ ដោយបុងមួយលក់ក្នុងតម្លៃ ១ ៤០៤ដុល្លា បើឈ្មោះ សរ សុវណ្ណារ៉ា ទិញគឺមួយបុងចំណេញលុយបានចំនួន ៣៥ដុល្លា គឺរៀងរាល់រយ:ពេល ១៥ថ្ងៃទូទាត់បើកលុយម្តង។ ក្រោយពីស្តាប់ និងពិចារណារួចរាល់គាត់ ( សរ សុវណ្ណារ៉ា ) បានយល់ព្រមទិញបុងទាំងនោះដោយចាប់ផ្តើមគិតទិញចាប់ពីថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ ២០១៩ រហូតថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០២១ កន្លងមកនេះបុងដែលគាត់ទិញបានសរុបចំនួន ៥០០បុង ស្មើនឹងតម្លៃ ៧០២ ០០០ដុល្លាអាមេរិក ប៉ុន្តែសាច់ប្រាក់ដែលខ្លួនចំណាយក្នុងការទិញបុងត្រឹមតែសាច់ប្រាក់ចំនួន ៤១៧ ៨៧៥ ដុល្លាប៉ុណ្ណោះ ចំណែកឯទឹកប្រាក់ដែលចំណេញចំនួន ២៨៤ ១២៥ ដុល្លាលោកមិនបានបើកយកមកទុកឡើយ ដោយបានផ្ទេរទៅទិញបុងបន្ថែមទៀតរហូតដល់ចំនួន ៥០០បុង។

ក្រោយមកនៅអំឡុងខែមេសា ឆ្នាំ ២០២១ ឈ្មោះ សរ សុវណ្ណារ៉ា បានយកបុងខាងលើទៅទូទាត់បើកប្រាក់ជាមួយក្រុមហ៊ុន ជីប ម៉ុង ប៉ុន្តែខាងភាគីក្រុមហ៊ុនអះអាងថា បុងខាងលើនេះគឺជាបុងហ្វូតូកូពី ព្រោះលេខមុខទំនិញមានលេខរៀងដូចគ្នាដដែលៗ ពេលនោះទើប សរ សុវណ្ណារ៉ា បានដឹងថាគាត់ចាញ់បោកគេហើយ ដោយជនឆបោកបានយកបុងដែលខ្លួនបានទូទាត់ម្តងរួចហើយមកហ្វូតូកូពីរួចលក់ឲ្យរូបលោក ធ្វើឲ្យគាត់កើតទុកមិនសុខចិត្តបានចូលដាក់ពាក្យបណ្តឹងដល់សាលាដំបូងតែម្តងដើម្បីឲ្យប្រព័ន្ធច្បាប់ជួយរកយុត្តិធម៌ឲ្យ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម