អាវុធហត្ថបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ និងវត្ថុតាង ទៅតុលាការ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី18 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:09 នាទី ល្ងាច

(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានប្រទះឃើញរថយន្តចំនួន០២គ្រឿងដែលមានបំណងឆ្លងដែនទៅប្រទេសថៃ ។ ដោយឃើញដូច្នេះកម្លាំងក៏ឃាត់រថយន្តទាំ០២គ្រឿងនោះ ហើយធ្វើការត្រួតពិនិត្យឃើញថាមានមនុស្សជិះក្នុងរថយន្តទាំង០២គ្រឿងនោះចំនួន២៧នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់ កុមារចំនួន០២នាក់ ។ បន្ទាប់មកកម្លាំងកងការពារព្រំដែន៥០៣ បានរាយការណ៍និងបញ្ជូនមកប្រគល់មកឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្នុងចំណោម២៧នាក់ មាន០៣នាក់ជាមេខ្យល់ ១/.ឈ្មោះ តុង កុត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ២/.ឈ្មោះ មឿយ ផល្លី ភេទស្រី អាយុ៤១ឆ្នាំ បច្ចុប្បន្ន អ្នកទាំង០២រស់នៅភូមិត្រាំកង់ ឃុំជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
៣/.ឈ្មោះ ស្មឿន លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ចំណែកពលករបម្រុងចេញទៅប្រទេសថៃចំនួន២៤នាក់រួមទាំងកុមារ០២នាក់ផងនោះត្រូវបានកម្លាំងវរៈការពារព្រំដែន៥០៣បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឳ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង០៣នាក់ ក្រោយកម្លាំងជំនាញធ្វើការសួនាំរួចបានឆ្លើយសារភាពថា ពួកគេពិតជាបានដឹកពលករទាំងអស់នោះដើម្បីយកឱ្យមេខ្យល់ម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណទេ គឺទាក់ទងគ្នាតាមទូរស័ព្ទ ពេលមកដល់មាត់ច្រកព្រំដែនទើបកម្លាំកងទ័ពឃាត់ខ្លួនបានតែម្ដង ចំពោះស្រ្តីឈ្មោះ មឿយ ផល្លី ត្រូវជាប្រពន្ធរបស់ឈ្មោះ តុង កុត មិនដឹងរឿងអ្វីនោះទេព្រោះថ្ងៃនោះប្តីរបស់គាត់ហៅមកជាមួយបានជាគ្នា ព្រោះប្តីរបស់គាត់មិនស្រួលខ្លួន ។

ករណីខាងលើនេះក៏ទទួលបានការអនុញ្ញតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នា់ក់ និងរថយន្តចំនួន០២គ្រឿងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម